
ភ្នំពេញ៖ប្រទេសចិន និង រុស្ស៊ី បានចេញសេចក្តីប្រកាសដាច់ដោយឡែកពីគ្នាគាំទ្រពីដំណើរការបោះឆ្នោតនៅកម្ពុជាថា មានបរិយាកាសល្អ និងសេរីភាព ខណៈប្រទេសមហាអំណាចអាម៉េរិក សម្តែងក្តីបារម្ភពីដំណើរការប្រជាធិបតេយ្យ និងចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាកន្លងទៅនេះ មិនមានភាពសេរី យុត្តិធម៌ ដោយសារគ្មានការចូលរួមពីគណបក្សជំទាស់។
ក្រោយមួយថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បានបិទបញ្ចប់កាលពីថ្ងៃទី២៣ កក្កដា ប្រទេសមហាអំណាចធំៗលើពិភពលោកបានចេញនូវសេចក្តីថ្លែងការណ៍រៀងៗខ្លួនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងតំណាងស្ថានទូតប្រចាំនៅទីក្រុងភ្នំពេញ។
ផ្តើមចេញមុនគេពីអាម៉េរិក លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានចេញនូវសេចក្តីថ្លែងការណ៍មួយស្តីពីការបោះឆ្នោតនៅកម្ពុជា។ក្នុងសេចក្តីថ្លែងការណ៍នោះ បានវាយតម្លៃថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្មានភាពសេរី និងយុត្តិធម៌ ដោយសារអាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ របស់ប្រទេសកម្ពុជា។
សហរដ្ឋអាម៉េរិក បានបញ្ជាក់ពីការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលខ្លួនយល់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងសម្រេចផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន។ តែយ៉ាងណា អាម៉េរិក បានប្រកាសត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយរាជរដ្ឋាភិបាលថ្មីរបស់គណបក្សប្រជាជនកម្ពុជាពេលបង្កើតរដ្ឋាភិបាលថ្មី ដែលមានឱកាសកែលម្អកិត្តិនាមរបស់ខ្លួនលើឆាកអន្តរជាតិ ដូចជា ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ។
ផ្ទុយពីអាម៉េរិក សម្រាប់មហាអំណាចចិន បានប្រកាសអបអរសាទរយ៉ាងកក់ក្តៅចំពោះកម្ពុជាដែលបានរៀបចំការបោះឆ្នោតជាតិលើកទី៧ ដោយជោគជ័យ និង អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតក្រោមការដឹកនាំរបស់សម្តេច ហ៊ុ សែន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង( Mao Ning )ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ បានអះអាងថា ក្នុងនាមជាអ្នកជិតខាងល្អ និងជាមិត្តល្អ ចិន អបអរសាទរយ៉ាងកក់ក្តៅចំពោះកម្ពុជា ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតជាតិ នីតិកាលទី៧ បានរៀបចំដោយបរិយាកាសល្អ និងអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន និង សូមជូនពរឱ្យប្រទេសកម្ពុជាមានការបោះឆ្នោតសភា និង រដ្ឋាភិបាលថ្មីដោយរលូន។
បើតាមលោកស្រី ម៉ៅ នីង Mao Ning ប្រទេសចិនមានឆន្ទៈធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីបន្តចំណងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ និងពន្លឿនការកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាជនទាំងពីរកាន់តែប្រសើរឡើង។
មិនខុសពីចិន លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅភ្នំពេញ បានអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់។លោក Anatoly Borovik តំណាងប្រទេសរុស្ស៊ី បានប្រកាសអបអរសាទរចំពោះប្រជាធិបតេយ្យនៅកម្ពុជា ដោយលោកវាយតម្លៃពីការបោះឆ្នោតដោយសេរី និងឯករាជ្យ។ លោកបញ្ជាក់ថាតំណាងគណកម្មាធិការបោះឆ្នោតមជ្ឈិម សភាពលរដ្ឋនៃប្រទេសរុស្ស៊ី រួមទាំងស្ថានទូតរុស្ស៊ី មិនបានរកឃើញអំពើហិង្សាណាមួយកើតឡើងឡើយ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បានបិទបញ្ចប់កាលពីថ្ងៃទី ២៣ កក្កដា ដោយមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួនជាង៨លាននាក់ ជាង៨៤ភាគរយអត្រាខ្ពស់បើធៀបនឹងការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំ២០២២។តាមលទ្ធផលបឋមក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ ក្នុងចំណោមគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង៕