ភ្នំពេញ៖ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានដាក់ពិន័យដែលមានសមាជិកក្រុមបាល់ទាត់ជម្រើសថៃ និងក្រុមឥណ្ឌូនេស៊ី សរុបចំនួន ១៤នាក់ ដោយសារការប៉ះទង្គិចគ្នាក្នុងជំនួបវគ្គផ្តាច់ព្រ័ត្របាល់ទាត់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
AFC ក្រោយពីបើកការបានស៊ើបអង្កេតមួយរយៈរួចមក បានសម្រេចចេញជាផ្លូវការនៃការដាក់ពិន័យទៅលើក្រុមបាល់ទាត់ថៃ និងឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធការបង្ករហឹង្សាក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ រួមមានកីឡាករថៃ ២នាក់ជាមួយសមាជិក ៥នាក់ និងជាមួយបុគ្គលិកគ្រូបង្វឹក ហើយក្រុមឥណ្ឌូនេស៊ី មានកីឡាករ ៣នាក់ និង ៤នាក់ជាបុគ្គលិកគ្រូបង្វឹកផងដែរ។AFC បានដាក់ពិន័យដោយកីឡាករម្នាក់ៗ មិនឲ្យចូលប្រកួតចំនួន ៦ប្រកួត ក្នុងចំណោម ១៤នាក់ ហើយមាន ៨នាក់ទទួលការពិន័យជាទឹកប្រាក់ចំនួន ១០០០ដុល្លារ ខណៈសហព័ន្ធបាល់ទាត់ថៃ (FAT) ត្រូវរងពិន័យ ១០,០០០ដុល្លារ ហើយសហព័ន្ធបាល់ទាត់ឥណ្ដុនេស៊ី (PSSI) រងពិន័យសរុបប្រមាណ ១៨,០០០ដុល្លារ។
គួរបញ្ជាក់ថា ការប៉ះទង្គិចនេះបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់(បុរស) ស៊ីហ្គេម លើកទី៣២ អាយុក្រោម ២៣ឆ្នាំ ដែលធ្វើឡើងនៅប្រទេសកម្ពុជា ក្នុងនោះម្ចាស់មេដាយមាសបានទៅលើក្រុមឥណ្ឌូនេស៊ី ហើយក្រុមថៃ ទទួលបានមេដាយប្រាក់៕