អាម៉េរិក៖ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានគូសបញ្ជាក់ជាថ្មីថាទីក្រុងកៀវនឹងទទួលបានយន្តហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុប ការបន្តផ្តល់ជូនសព្វាវុធថ្មីរបស់អាម៉េរិកទៅកាន់អ៊ុយក្រែននេះចំពេលភាពតានតឹងរវាងសម្ព័ន្ធមិត្តអាម៉េរិក និងរុស្សីកំពុងតែស្ថិតក្នុងបន្ទាន់ក្រហម។
បើយោងតាមលោក Sullivan បានឲ្យដឹងថាយន្តហោះចម្បាំង F-16 នឹងត្រូវបានប្រគល់ឲ្យអ៊ុយក្រែនក្នុងពេលខាងមុខនេះ ហើយអាម៉េរិកនឹងចាប់ផ្តើមការបណ្តុះបណ្តាលអ្នកបើកយន្តហោះប្រភេទនេះដល់ប្រទេសអ៊ុយក្រែន។ លោក Sullivan បន្ថែមថា ការហ្វឹកហ្វឺននោះនឹងត្រូវចំណាយពេលក្នុងការផ្ទេរយន្តហោះ F-16 ដែលមកពីបណ្តាប្រទេសអឺរ៉ុបដែលមានការផ្គត់ផ្គង់លើយន្តហោះចម្បាំង F-16 នេះ។
កាលពីថ្ងៃអង្គារ ប្រទេសដាណឺម៉ាកបានប្រកាសថា នឹងគ្រប់គ្រងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនទៅលើយន្តហោះដែលផលិតដោយសហរដ្ឋអាម៉េរិក ដោយចាប់ផ្តើមនៅក្នុងខែសីហាខាងមុខនេះ។ការបណ្តុះបណ្តាលនេះនឹងត្រូវបានដឹកនាំដោយប្រទេសដាណឺម៉ាក និងហូឡង់ផងដែរ។
ចំណែកទីក្រុងមូស្គូបានព្រមានដល់សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យបញ្ឈប់ការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ព្រោះថា វាអាចនឹងអូសបន្លាយជម្លោះមួយនេះកាន់តែយូរ។លោក វ្ល៉ាឌីមៀ ពូទីន បានព្រមាននិងកម្ទេច យន្តហោះ F-16 ដូចរថក្រោះលោកខាងលិចដែលផ្តល់ជូនអ៊ុយក្រែនហើយ រុស្ស៊ីនឹងវាយប្រហារ លើទីតាំងនានារបស់អ៊ុយក្រែន ប្រសិនបើយន្តហោះទាំងនោះ ឈរជើងទឹកដីរបស់អ៊ុយក្រែន៕