Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាគាំទ្រឥណ្ឌូនេស៊ីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ឥណ្ឌូនេស៊ី៖ ក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយ ឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ 

រូបភាព៖ ក្រសួងការបរទេសកម្ពុជា

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ទំនង ជាគន្លឹះក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាបន្ន។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្តីពីការរិះរកវិធីសាស្ត្រផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

សំខាន់ជាងនេះ លោកឧបនាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរដល់លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ចំពោះវិភាគទានដ៏មានតម្លៃរបស់លោកទៅដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

សូមជម្រាបថា លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះជំនួបរវាងលោក ដន ប្រាម៉ាត់វិណ ជាមួយលោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាការវិវឌ្ឍជាវិជ្ជមានមួយ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង