Cctime 6monthsfree desktop
Cc times  web banner kh (2)

បញ្ហាពិភពលោកនិងវិស័យអចលនទ្រព្យក្នុងស្រុក«ជាហានិភ័យ»ចំពោះសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ២%។តែយ៉ាងណាអ្នកជំនាញណែនាំឱ្យ យកចិត្តទុកដាក់លើ«ហានិភ័យ»សក្តានុពលចម្បងៗមួយចំនួន គឺជម្លោះខាងក្រៅ និង បញ្ហាអចលទ្រព្យ។នេះបើយោងតាមតាម ធនាគារជាតិកម្ពុជា។

ធនាគារជាតិកម្ពុជា បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២។ក្នុងសិក្ខាសាលានោះ ធនាគារជាតិកម្ពុជា នៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំណើនល្អ តែត្រូវប្រឈមជាមួយហានិភ័យមួយចំនួន។

បើតាម ធនាគារជាតិកម្ពុជា«ហានិភ័យ»សក្តានុពលចម្បងៗមានប្រភពពីកត្តាខាងក្រៅ៖ ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និង ការរឹតបន្តឹងនស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញនិងការវិនិយោគចូលមកកម្ពុជា បញ្ហាដែល​អូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់​កំណើនវិនិយោគក្នុង​វិស័យអចលនទ្រព្យនៅកម្ពុជា និង ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមក​ពីការកើនឡើង​អត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុនក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។

ចំណែក«ហានិភ័យខាងក្នុង»ដែលទាមទារយកចិត្តទុកដាក់ វិស័យអចលនទ្រព្យ។ ក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ និង ការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជាបានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។

សម្រាប់ ធនាគារជាតិកម្ពុជា ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាង​ជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និង ឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត។

ប្រឈមបញ្ហានេះ ធនាគារជាតិនៃកម្ពុជា កំពុងអនុវត្តវិធានការចាកចេញពីវិបត្តិ ដោយការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិឡើងវិញ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាព ដូចជា សហគ្រាសធុនតូចនិងមធ្យម វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាលនៃការងើបឡើងរបស់សេដ្ឋកិច្ច។

ធនាគារជាតិកម្ពុជា សង្កត់ធ្ងន់ថា ការរក្សាស្ថិរភាពហិរញ្ញវត្ថុជាទីការងារអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការ និង សម្របម្រួលទាំងពីអាជ្ញាធរ និង ភាគីពាក់ព័ន្ធនានាដោយសារប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធទាំងក្នុងចំណោមវិស័យហិរញ្ញវត្ថុ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង