ចិន៖ ក្រសួងការពារជាតិចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថាកំពុងមានចេតនាបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យលក់ឧបករណ៍យោធាតម្លៃ ៤៤០ លានដុល្លារទៅឱ្យទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន។ កញ្ចប់សព្វាវុធដែលរួមមានគ្រាប់រំសេវ 30 មីលីម៉ែត្រ អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងសម្ភារៈជំនួយផ្នែកដឹកជញ្ជូនផ្សេងទៀត ត្រូវបានអនុម័តកាលពីសប្តាហ៍មុនដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងរឹងមួយ អ្នកនាំពាក្យក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា "ជ្រៀតជ្រែកយ៉ាងព្រៃផ្សៃ" នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង លោក Tan Kefei បានអះអាងថា "នេះគឺស្មើនឹងការពន្លឿនការផ្លាស់ប្តូរកោះតៃវ៉ាន់ទៅជាប្រទេសមានឯករាជ្យនិងរុញប្រជាជនតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅនៃគ្រោះមហន្តរាយរវាងចិន ក្នុងច្រកសមុទ្រតៃវ៉ាន់។
លោក Tan ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន "បញ្ឈប់ជាបន្ទាន់ការលក់អាវុធទៅឱ្យតៃវ៉ាន់" និងបញ្ចប់ "ទម្រង់ណាមួយនៃការឃុបឃិតគ្នាយោធារវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់" ។ លោកក៏បានព្រមានផងដែរថាការ "ប្រើកម្លាំងដើម្បីស្វែងរកឯករាជ្យឲ្យតៃវ៉ាន់" គឺ "ត្រូវវិនាសនឹងទទួលការបរាជ័យ"។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអះអាងថា កិច្ចព្រមព្រៀងសព្វាវុធ ដែលនឹងមកដល់ជាកញ្ចប់ពីរដាច់ដោយឡែកពីគ្នានឹងជំរុញ "កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ របស់តៃវ៉ាន់និងរក្សានូវសមត្ថភាពការពារដ៏គួរឱ្យទុកចិត្ត" ។
លោក Tan ក៏បានអំពាវនាវដល់រដ្ឋបាល Biden ឱ្យគោរពលក្ខខណ្ឌនៃគោលការណ៍ 'ចិនតែមួយ' ដែលទីក្រុងប៉េកាំងបញ្ជាក់ថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន និងជាខេត្តបំបែកដែលត្រូវប្រគល់ទៅឱ្យចិនពេញលេញវិញ។
ជាមួយគ្នានេះដែលចិនតែងតែបង្ហាញការខឹងសម្បាររបស់ខ្លួនចំពោះការផ្លាស់ប្តូរការទូតរវាងថ្នាក់ដឹកនាំរបស់តៃវ៉ាន់ និងរដ្ឋាភិបាលបរទេស។ កាលពីខែមេសា បន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋកាលីហ្វ័រញ៉ា រវាងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងប្រធានសភាអាម៉េរិក Kevin McCarthy ប្រទេសចិនបានធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃជុំវិញកោះតៃវ៉ាន់ រួមទាំងសមយុទ្ធមួយដែលក្លែងធ្វើការបិទផ្លូវកងទ័ពជើងទឹកផងដែរ៕