ភ្នំពេញ៖ និស្សិត ស្រី កាន ជានិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ជំនាញអេឡិចត្រូនិច នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំក្រុមដែលមកពីមហាវិទ្យាល័យបីផ្សេងគ្នានៅសាលា NPIC ចូលរួមប្រកួតរ៉ូបូតថ្នាក់ជាតិកាលពីខែមិថុនា បានជ័យលាភីលេខ១ ក្រោយត្រៀមខ្លួនអស់រយៈពេលជាច្រើនខែ។
និស្សិត ស្រី កាន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមNPIC02 ដែលទទួលបានជ័យលាភីលេខ១នៅក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ មានសមាជិកចំនួន ៩ រូបដែលមានរូបលោកជាមេដឹកនាំក្រុមផ្ទាល់ និងសមាជិក ៨រូបផ្សេងទៀតដូចជា យន់ ថេប, សួន វ៉ាន់លុច, អ៊ុន ស៊ុនម៉ី, និង សុខ ផានិត មកពីមហាវិទ្យាល័យខាងអគ្គិសនី, អេន គឹមហៀប ជំនាញមេកានិករថយន្ត , ស្រូយ មេសា, អាត ម៉េងហុង និង ចក សុខលាប ជំនាញខាងមេកានិកទូទៅ។
ក្នុងនាមជាមេដឹកនាំក្រុមម្នាក់ ស្រី កាន បានបន្តទៀតថា ការប្រកួតនេះពិតជាមិនអាចជោគជ័យទៅបានប្រសិនបើមិនមានការចូលរួមចំណែកដឹកនាំដ៏សកម្មពីលោកគ្រូណែនាំទាំងបីរូបដែលមានលោកគ្រូ សួស វឌ្ឍនា, លោកគ្រូ គុំ សិទ្ធិរិទ្ធិ និងលោកគ្រូ អឿន សុធារិន។
លោក ស្រី កាន បានបន្តទៀតថា ជ័យលាភីនេះមិនមានកើតឡើងដោយស្រួលនោះឡើយ វាអាចកើតឡើងមានឡើងព្រោះតែមានការសហការជាក្រុមបានល្អ និងការអនុញ្ញាតពីអាណាព្យាបាល ទើបអាចធ្វើអោយយុវជនរូបនេះ និងសមាជិក អាចធ្វើការជាក្រុមរហូតដល់យប់ជ្រៅជាច្រើនខែ និងមិនមានពេលចុងសប្តាហ៍នោះឡើយសម្រាប់ក្រុមលោក។
គួរកត់សម្គាល់ផងដែរថា កំឡុងពេលរៀបចំសម្រាប់ការប្រកួតនេះ ក្រុមរបស់លោកទទួលបានការយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងសាលា មិនថាការស្នាក់នៅសាលា ឬ ការហូបចុកនោះទេ គឺក្រុមរបស់លោកតែងទទួលបានគាំទ្រ និងការជម្រុញទឹកចិត្តពីសាលាទើបបណ្តាលឱ្យជ័យលាភីមួយនេះអាចកើតមានឡើង ពោលគឺសាលាត្រូវចំណាយថវិកាអស់ច្រើនទម្រាំគម្រោងមួយនេះបានចប់សព្វគ្រប់ ដើម្បីអោយនិស្សិតអាចមានឱកាសរៀនសូត្រ និងប្រកួតដើម្បីជាការលើកមុខមាត់និស្សិត និងសាលាផងដែរ។
បើតាម និស្សិត ស្រី កាន បានឱ្យដឹងថា ក្រុមរបស់លោកបានធ្វើការតម្លើងរ៉ូបូតចំនួន២គឺតំណាងឱ្យរ៉ូបូត ទន្យាយ និងដំរី ដែលមានតួនាទីក្នុងការចាប់កង ហើយបោះទៅប៉ូលឬបង្គោលដែលមានដាក់នៅទីលានប្រកួត ប្រសិនបើក្រុមណាដែលបានបោះកងចូលបានប៉ូលបាន៨បង្គោល មុនគូប្រកួត ក្រុមនោះនឹងទទួលបានជ័យលាភី។ ក្នុងករណីដែលក្រុមមិនបានបោះចូលគ្រប់ ៨ បង្គោល ដូចនេះ គេនឹងរាប់យកក្រុមណាដែលមានកងច្រើនជាងគេ នោះនឹងមានសិទ្ធឈ្នះ។
មុននឹងអាចធ្វើឱ្យរ៉ូបូតចេញរូបរាងឡើងបាន ក្រុម NPIC ត្រូវឆ្លងកាត់ដំណាក់កាលអស់រយៈពេលជាងកន្លះឆ្នាំដោយគិតចាប់ពីចុងឆ្នាំ២០២២ មកដល់ថ្ងៃប្រកួត។ ដំបូងឡើយ សមាជិកទាំងអស់នឹងត្រូវបានបង្វឹកដោយគ្រូណែនាំពីកម្មវិធីសំខាន់ផ្សេងៗ បន្ទាប់មកត្រូវធ្វើការងារជាក្រុមជារៀងរាល់ថ្ងៃក្រៅម៉ោងសិក្សាដើម្បីពិភាក្សាពីការតម្លើងគ្រោងរបស់រ៉ូបូតនៅក្នុងកុំព្យូទ័រដោយប្រើប្រាស់កម្មវិធីគូសចេញជា 3D ជាមុនសិន។
យុវជន ស្រី កាន បានបន្តទៀតថា ដើម្បីអាចបង្កើតចេញជារ៉ូបូតនេះបាន និស្សិតត្រូវមានជំនាញនៅក្នុងការប្រើប្រាស់កម្មវិធី Software និង Hardware។ សម្រាប់កម្មវិធីដែលត្រូវប្រើប្រាស់មានច្រើនដូចជា Arduino ide, SOLIDWORKS, Cura, និង CNC mill។ បន្ទាប់មកទៀត ត្រូវធ្វើការសាកល្បងជាមួយនឹង hardware ថាតើប្រភេទមួយណាដែលនឹងធ្វើឱ្យរ៉ូបូតដំណើរការលឿនជាងគេ និងដំណាក់កាលបន្តបន្ទាប់ទម្រាំអាចចេញរូបរាងជារ៉ូបូតបាន។
ជាចុងក្រោយ យុរជន ស្រី កាន បានធ្វើការរៀបរាប់ថា នេះជាលើកទី១ ដែលលោកបានចូលរូមប្រកួត និងធ្វើជាមេក្រុម ដែលជាមោទនភាពមួយដែលក្រុមរបស់លោកបានទទួលជ័យលាភី ហើយលោកពិតជារៀនសូត្របានច្រើនពីការប្រកួតមួយនេះមិនថាជំនាញទន់ និងជំនាញរឹងដែលមានសារៈសំខាន់នៅក្នុងការឈានទៅរកការងារនាពេលអនាគត៕