
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ០៤ ខែកក្កដានេះ បានចេញនូវសេចក្ដីថ្លែងការណ៍ហាមឃាត់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc ចំនួន ២២នាក់ មិនឲ្យចូលកម្ពុជា ហើយបើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង។ជាសេចក្តីថ្លែងការណ៍ធ្វើឡើង ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យឃើញថា ក្រុមហ៊ុនមួយនេះដាក់ពិន័យផេកហ្វេកប៊ុកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាពាក់ព័ន្ធនឹងរឿងនយោបាយ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសទុកពេលឱ្យបុគ្គលិករបស់ក្រុមហ៊ុន Meta ឬហ្វេសប៊ុក បើកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ត្រូវចាកចេញជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីម៉ោង៤ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ការប្រកាសបណ្តេញចេញពីកម្ពុជាពេលនេះ បន្ទាប់ពីកម្ពុជារកឃើញថា ក្រុមហ៊ុនរបស់អាម៉េរិកមួយនេះ ផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេច គឺមានលក្ខណៈនយោបាយ មានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និង សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និង ពេញចិត្ត។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងស្មារតី នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និង ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង កម្ពុជាបានសម្រេចប្រកាសបណ្តេចញសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc ចំនួន២២នាក់ចេញពីកម្ពុជា។
គួរបញ្ជាក់ថា ហ្វេសប៊ុក Facebook ជាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីដំណើរការនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ។បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាប្រើប្រាស់មានចំនួនប្រមាណជាង១៣លាននាក់។នៅថ្ងៃទី ៣០ មិថុនា ក្រសួងប្រៃសណីយ៍កម្ពុជា ប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និង បញ្ឈប់រាល់សកម្មភាពក្នុងប្រទេសកម្ពុជា៕