ភ្នំពេញ៖ ក្រសួងអប់រំ នៅក្នុងខែកក្កដានេះ នឹងរៀបចំ «យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ» នៅគ្រប់ វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ យុទ្ធនាការ នេះ នឹងបណ្ដុះបណ្ដាលសិស្សទៅលើប្រធានបទចំនួន៦។
យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សា នឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញ។ សិស្សានុសិស្សជាង៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាលដោយគរុនិស្សិតនិងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិត១០០០បន្ទប់។
តាមរយៈយុទ្ធនាការនេះ គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នឹងផ្ដល់ដល់សិស្សានុសិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដោយផ្តល់ការបណ្តុះបណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦ ដូចជា ការស្វែងយល់ពីវិធីសាស្ត្ររៀន, ការរៀនដោយស៊ីជម្រៅ, ការរៀនតាមបបពន្លឿន, ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត, ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ Duraseksa - ទូរសិក្សា៕