![](https://cdn.cc-times.com/kh.cc-times.com/media/33893/large/%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%82%E1%9E%B6%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E1%9F%A1.jpg?1688100223)
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តប្រកាសចំនួន ២ គឺ ប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ប្រកាសទាំង២នេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងដើមទុននិងភាពធន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យុំ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា។
បើតាមសេចក្ដីជូនដំណឹង ប្រកាសទាំង ២ នេះ គឺជាផ្នែកមួយនៃក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុនឬសាធនភាពសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ប្រកាសទាំង ២ នេះ ត្រូវបានរៀបចំឡើងស្របតាមស្ដង់ដារអន្តរជាតិ និងគិតគូរច្បាស់លាស់ពីបរិបទ ការវិវឌ្ឍ និងទស្សនៈអនាគតនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកត្តាច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានគោលបំណងពង្រឹងដើមទុននិងភាពធន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងការទប់ទល់នឹងហានិភ័យផ្សេងៗ ជាពិសេស គឺហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ និងហានិភ័យទីផ្សារ សំដៅការពារអ្នកដាក់ប្រាក់បញ្ញើ អ្នកវិនិយោគ និងរក្សាស្ថិរភាពអាជីវកម្មរបស់គ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។
ប្រកាសនេះ ក៏ឆ្លុះបង្ហាញពីការត្រៀមលក្ខណៈជាស្រេចរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរួមចំណែកដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទៅអនាគត តាមរយៈការកំណត់ជាមុននូវលក្ខខណ្ឌនៃការទទួលស្គាល់ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងដើមទុនថ្នាក់ទី១ និង ថ្នាក់ទី២ របស់គ្រឹះស្ថាន។ ការអនុវត្តតាមវិធាននិងស្តង់ដារអន្តរជាតិដែលកំណត់ក្នុងប្រកាសនេះក៏នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះប្រព័ន្ធធនាគារកម្ពុជាទាំងមូល និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិន និងស្ថាប័នផ្តល់កម្ចីនានា ជាពិសេស ស្ថាប័នផ្តល់កម្ចីពីបរទេស។
ទន្ទឹមនេះ ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងដាក់ចេញនូវវិធានការនាំការថ្លឹហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះមានកម្រិតខុសៗគ្នាផ្អែកលើប្រភេទឥណទាន និងអ្នកខ្ចីឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃប្រកាសទាំង ២ នេះ យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព៕
![](https://cdn.cc-times.com/kh.cc-times.com/media/33896/large/356129109_603002711973544_2829608889647328738_n.jpg?1688100263)
![](https://cdn.cc-times.com/kh.cc-times.com/media/33897/large/356813582_603002718640210_4719364276183709548_n.jpg?1688100273)