ចិន៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីងជីង នៅថ្ងៃទី ២៨ មិថុនានេះ បានស្នើសុំដល់លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បើកឱ្យកាន់ទូលំទូលាយនូវផលិតផលកសិកម្មរបស់វៀតណាមចូលទៅកាន់ទីផ្សារប្រទេសចិន តាមរយៈសម្រួលដល់ការបើកច្រកព្រំដែន និងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាដើម។ការស្នើរបស់មេដឹកនាំវៀតណាមយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ហើយបានជួយជាមួយលោក ស៊ី ជិនភីង។
ក្នុងជំនួបនោះ លោកស៊ី បានស្វាគមន៍ចំពោះវត្តមានរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីងជីង ហើយលោកមានជឿលើសមត្ថភាពរបស់វៀតណាមក្នុងការសម្រេចបាន ជាប្រទេសអភិវឌ្ឍន៍ដែលផ្តោតលើសង្គមនិយមដែលមានប្រាក់ចំណូលខ្ពស់នៅពាក់កណ្តាលសតវត្សរ៍ទី ២១។
ចំណែកនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ "ចិនតែមួយ" ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយប្រទេសចិនអំពីគំនិតផ្តួចផ្តើមពិភពលោកជាថ្មី។នាយករដ្ឋមន្ត្រីវៀតណាម បានស្នើភាគីទាំងពីរបង្កើនទំនាក់ទំនង និងលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកបានស្នើឱ្យភាគីចិនពន្លឿនការទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការបើកការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែមទៀតនៅប្រទេសចិន។
លោក ផាម បានស្វាគមន៍អ្នកវិនិយោគចិនក្នុងការពង្រីកការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម ដោយសម្តែងនូវគោលបំណងថា ប្រទេសទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីរួមចំណែកក្នុងការពង្រឹងមូលដ្ឋានសង្គមរឹងមាំសម្រាប់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី៕