បេឡារុស្ស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានបញ្ជាក់នាថ្ងៃពុធនេះថា ប្រមុខមេដឹកនាំក្រុមទាហាន Wagner (វ៉ាក់ណែ)គឺ លោក Prigozhin (ព្រីហ្គោហ្សីន) បានទៅដល់ប្រទេសបេឡារុស្សហើយ បន្ទាប់ពីលោករៀបគំរោងវាយប្រហារក្រុងមូស្គូក្រោយមកមិនបានជោគជ័យត្រូវបង្ខំចិត្តជម្លៀខ្លួនទៅកាន់ប្រទេសបេឡារុស្ស។ រុស្ស៊ីបានអះអាងថា ក្រុមយោធាឯកជន Wagner នឹងប្រគល់អាវុធ និងបរិក្ខាររបស់ខ្លួនទៅឱ្យយោធារុស្ស៊ី។
លោក Lukashenko បាននិយាយថា បេឡារុស្ស នឹងមិនសាងសង់ជំរំសម្រាប់ក្រុមទាហានស៊ីឈ្នួលនោះទេ ប៉ុន្តែលោកនឹងផ្តល់កន្លែងស្នាក់នៅ ប្រសិនបើពួកគេត្រូវការ។ បច្ចុប្បន្ននេះ កងទ័ព Wagner (វ៉ាក់ណែ) នៅតែស្ថិតក្នុងទីក្រុង Luhansk (លូហាន) និងតំបន់ Donbas (ដុនបាស់) ។
ក្រោមកិច្ចព្រមព្រៀងដែលមានលោក Lukashenko ជាអ្នកសម្របសម្រួល លោក Prigozhin (ព្រីហ្គោស៊ីន) បានបោះបង់ចោលនូវការផ្តួលរលំរដ្ឋាភិបាលរុស្សីគឺលោក ពូទីន។។
ចំណែកក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ការផ្ទេរសម្ភារៈយោធាធុនធ្ងន់ពីក្រុមហ៊ុនយោធាឯកជន Wagner ទៅកាន់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានទម្លាក់សំណុំរឿងព្រហ្មទណ្ឌរបស់ខ្លួនប្រឆាំងនឹងក្រុមទាហានស៊ីឈ្នួល Wagner ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា យុទ្ធជន Wagner អាចចូលរួមជាមួយយោធារុស្ស៊ី ឬធ្វើដំណើរទៅកាន់ប្រទេសបេឡារុស្សដោយសុវត្ថិភាព។
លោក Viktor Zolotov នាយកឆ្មាំជាតិនៃប្រទេសរុស្ស៊ីបានឲ្យដឹងផងដែលថាវាអាចទៅរួចដែលសេវាកម្មពិសេសបរទេសបានចូលរួមនៅក្នុងការរៀបចំការបះបោរនៃក្រុមយោធា Wagner ។ លើសពីនេះ លោកចាត់ទុកថា ឆ្មាំជាតិរុស្ស៊ីនឹងទទួលបានអាវុធធុនធ្ងន់ និងរថក្រោះរបស់ក្រុមទាហានស៊ីឈ្នួល វ៉ាក់ណែក ហើយលោកបានពិភាក្សាជាមួយលោកពូទីនលើបញ្ហានេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ RT កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេស Sergei Lavrov (សឺហ្គី ឡាវរូវ) បាននិយាយថា រុស្ស៊ីកំពុងស៊ើបអង្កេតថាតើភ្នាក់ងារចារកម្មលោកខាងលិចបានដើរតួក្នុងឧប្បត្តិហេតុ នៃការប៉ះទង្គិចរវាងក្រុមទាហានស៊ីឈ្នួល Wagner និងរុស្សីដែលរឺទេ។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden កាលពីថ្ងៃចន្ទបានអះអាងថា ទាំងសហរដ្ឋអាម៉េរិក និងអង្គការណាតូ មិនបានចូលរួមក្នុងការបះបោរនោះទេ៕