អាម៉េរិក៖ ក្រុមហ៊ុន OceanGate ដែលគេស្គាល់ថាជាក្រុមហ៊ុនបម្រើសេវាកម្មដឹកអ្នកដំណើរទៅទស្សនានៅបាតសមុទ្រ បានចេញសារលិខិតសោកស្តាយចំពោះអ្នកស្លាប់ចំនួន ៥នាក់ ក្នុងហេតុការណ៍បាត់នាវាមុជទឹក Titan ក្នុងអំឡុងពេលចុះទៅបាតសមុទ្រអាត្លង់ទិចដើម្បីមើលសាកសពកប៉ាល Titanic។
បើតាមក្រុមហ៊ុន OceanGate បានប្រកាសជាផ្លូវការហើយថា កងកម្លាំងឆ្មាំសមុទ្របានរកឃើញសំណល់កម្ទេចកម្ទីដែលជាផ្នែកសំខាន់របស់យាន្ត Titan នៅក្បែរសាកសពកប៉ាល់ Titanic ប្រហែលជាង ៥០០ម៉ែត្រប៉ុណ្ណោះ និងជឿថាយាន្តនោះបានផ្ទុះនៅក្រោមសមុទ្រ ហើយពួកគេទាំង៥នាក់ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតដូចគ្នា។
ជុំវិញហេតុការណ៍ដ៏សោកសង្រេងខាងលើ ក្រុមហ៊ុន OceanGate បានចេញសារពីការស្លាប់របស់មនុស្សទាំង៥រូបនោះ ដោយរៀបរាប់យ៉ាងដូច្នេះថា៖ «ឥឡូវនេះយើងជឿថានាយកប្រតិបត្តិរបស់យើងលោក Stockton Rush, លោក Shahzada Dawood និងកូនប្រុសរបស់គាត់ Suleman Dawood, លោក Hamish Harding និងលោក Paul-Henri Nergeolet ត្រូវបានបាត់បង់ជីវិតហើយ។»
ក្រុមហ៊ុនបានបន្តទៀតថា៖«បុរសទាំង៥រូបនេះ គឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃការផ្សងព្រេងដ៏អស្ចារ្យ និងចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការរុករក និងការពារមហាសមុទ្ររបស់ពិភពលោក។ ដួងចិត្តរបស់យើងនៅជាមួយព្រលឹងអ្នកទាំងប្រាំ និងសមាជិកគ្រប់រូបនៃគ្រួសាររបស់ពួកគេក្នុងអំឡុងពេលសោកនាដកម្មនេះ។ យើងសោកស្ដាយចំពោះការបាត់បង់ជីវិត និងមានក្ដីអំណរចំពោះគ្រប់យ៉ាងដែលពួកគេបានធ្វើសម្រាប់មនុស្សជុំវិញខ្លួន»។
គួរបញ្ជាក់ថា នាវាមុជទឹកមួយគ្រឿងឈ្មោះ Titan ដែលផ្ទុកមនុស្សចំនួន៥នាក់ បានធ្វើដំណើរកម្សាន្តទៅក្នុងបាតសមុទ្រជម្រៅជិត៤គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានបាត់ដំណឹងសូន្យឈឹងមកទល់នឹងថ្ងៃទី២៣នេះ ខណៈអុកស៊ីសែនដែលនៅក្នុងនាវានេះមានត្រឹម៩៦ម៉ោងតែប៉ុណ្ណោះ៕