អាម៉េរិក៖ប្រតិបត្តិការរបស់កងឆ្មាំសមុទ្រអាម៉េរិក បារាំង និងកាណាដា កំពុងស្វែងរកឲ្យឃើញនូវទីតាំងរបស់នាវា ទីតាន (Titan)ដែលបានបាត់ខ្លួនពីក្រុមទំនាក់ទំនងក្នុងពេលចុះទៅមើលសាកសពកប៉ាល់ Titanic នៅបាតមហាសមុទ្រអាត្លង់ទិក។ក្នុងនាវានោះ មានផ្ទុកមហាសេដ្ឋី និង អ្នកជំនួញចំនួន៥នាក់ផងដែរ។
បច្ចុប្បន្នប្រតិបត្តិការស្វែងរកនាវាទីតានបានធ្វើនៅលើផ្ទៃទឹក និង ក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងក្នុងជម្រៅប្រមាណជា ៤០០ម៉ែត្រ។ប្រតិបត្តិការនេះ ដោយមានកិច្ចសហការរួមគ្នាពីក្រុមអ្នកជំនាញមកពីអាម៉េរិក បារាំង កាណាដា និងក្រុមហ៊ុនដៃគូមួយចំនួនទៀត។
ក្រុមមនុស្សក្នុងនាវាមុជទឹក ទីតាន Titan ដែលកំពុងបាត់ខ្លួន ត្រូវបានគេជឿថា រួមមាន មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និង កូនប្រុស Suleman។
ពួកគេទាំង៥នាក់ បានចុះហត្ថលេខាទទួលខុសត្រូវខ្លួនឯង និងព្រមបង់លុយចំនួន២៥ម៉ឺនដុល្លារ ជាថ្នូរជិះនាវាមុជទឹក ទីតាន ចុះទៅមើលសាកសពកប៉ាល Titanic ដែលបានលិចក្នុងកំឡុងដឹកភ្ញៀវទេសចរកាលពីឆ្នាំ១៩១២។
ភ្លាមៗបន្ទាប់ពីបាត់ដំណឹងទាក់ទង ក្រុមអ្នកជួយសង្គ្រោះបានបើកប្រតិបត្តិការសង្គ្រោះបន្ទាន់ ដើម្បីស្វែងរកនាវាទីតានឲ្យឃើញ ខណៈដែលនៅក្នុងនាវានោះ គឺមានខ្យល់អុកស៊ីសែនសម្រាប់មនុស្សទាំង ៥នាក់តែរយៈពេលពី ៧០ ម៉ោងទៅ ៩៦ម៉ោងប៉ុណ្ណោះ៕