ភ្នំពេញ៖ ក្រុមអ្នកសារព័ត៌មានកម្ពុជាចំនួន ១៤នាក់ មកពី១០ស្ថាប័ន កាលពីថ្ងៃទី២០ មិថុនា កន្លងទៅបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងខេត្តក្វាងស៊ី ប្រទេសចិន ក្រោយចំណាយពេលទស្សនកិច្ចអស់រយៈពេល៦ថ្ងៃ។ ជាដំណើរទស្សនកិច្ចដំបូងរបស់ក្រុមអ្នកសារព័ត៌មាន ទៅកាន់ខេត្តក្វាងស៊ី ប្រទេសចិន ក្រោយកូវីដ-១៩ ហើយជារួមចំណែករឹតចំណងមិត្តភាពកម្ពុជា-ចិន និងជំរុញការផ្សព្វផ្សាយរវាងចិន និងអាស៊ាន ផងដែរ។
ដូចការគ្រោងទុក ក្រុមអ្នកសារព័ត៌មានកម្ពុជាចំនួន១៤នាក់ បានចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១៥ ខែមិថុនា ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីក្រុមការងារនៃស្ថាប័នកាសែត Guangxi Daily។ស្ថាប័នព័ត៌មានដែលចូលរួមមានជាអាទិ៍៖ កាសែត The Commercial News BTV FRESH NEWS សុីសុីថាមស៍ ចិន-ខ្មែរ កម្ពុជាថ្មី សារព័ត៌មាន ថ្មីៗ រស្មីកម្ពុជា Khmer Times សារព័ត៌មានចិន ជានហ្វា និង កាសែត នគរវត្ត។
ក្នុងដំណើរទស្សនកិច្ចនោះអ្នកសារព័ត៌មានកម្ពុជា បានទៅទស្សនកិច្ច ទៅកាន់ទីក្រុងសំខាន់ៗរបស់ខេត្តក្វាងស៊ី ដោយមានទីក្រុងណាននីង ជីងចូវ លីវចូវ និងទីក្រុងគុយលីង។ ក្រៅពីនោះអ្នកសារព័ត៌មាន ក៏បានទៅទស្សនាតំបន់សំខាន់ៗមួយចំនួនទៀត នៅតាមតំបន់ទាំង៤នោះ ដូចជាសាកលវិទ្យាល័យលីវចូវ ដែលបណ្ដុះបណ្ដាលទៅលើបច្ចេកវិទ្យា និង តិចណូឡូជី ការទស្សនកិច្ចនៅកំណង់ផែជីងចូវ ដែលជាកំពង់ផែលំដាប់ទី៥ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយលំដាប់ថ្នាក់ពិភពលោក ដែលផ្ដោតសំខាន់ទៅលើការប្រើប្រាស់នៅបច្ចេកវិទ្យា AI ហើយកាត់បន្ថយកម្លាំងពលកម្មមនុស្ស។ ក្រោយមកក៏បានទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍មួយចំនួនដូចជា ល្អាងភ្នំ លូទីយៀន តំបន់យទេសចរណ៍ទន្លេលីងជាំង និងតំបន់ទេសចរណ៍ចំនួនទៀត ដែលបង្ហាញអំពីបទពិសោធន៍ថ្មី និង ទទួលបាននៅការរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំតំបន់ទាំងនោះផងដែរ។
ទីក្រុងគុយលីង គឺជាទីក្រុងចុងក្រោយដែលអ្នកសារព័ត៌មានកម្ពុជាបំពេញទស្សនកិច្ច ហើយពីទីក្រុងគុយលីង មកកាន់ទីក្រុងណាននីង មានចម្ងាយប្រមាណជាង៣០០គីឡូមែត្រ។ ក្រុមអ្នកសារព័ត៌មានកម្ពុជា បានធ្វើដំណើរតាមរយៈរថភ្លើងទំនើបរបស់ចិន ដែលប្រើប្រាស់រយៈពេលត្រឹមតែជាង៣ម៉ោងគឺមកដល់ទីក្រុងណាននីង។
ក្រោយមកនៅព្រឹកបន្ទាប់ក្រុមអ្នកសារព័ត៌មានកម្ពុជា ទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីថ្នាក់ដឹកនាំកាសែត Guangxi Daily និង បានបំពេញទស្សនកិច្ចត្រួតពិនិត្យទៅលើបណ្ណាល័យរូបភាព និងបានជួបពិភាក្សាការងារ ក្នុងគោលបំនងពង្រឹងទំនាក់ទំនងនៃការផ្សព្វផ្សាយរវាងកម្ពុជានិងចិន។ ការជំរុញទំនាក់ទងកម្ពុជា និងចិន នឹងកាន់តែល្អប្រសើរតាមគោលនយោបាយនៃរដ្ឋាភិបាលទាំងពី និងប្ដេជ្ញាផ្សព្វផ្សាយអ្វីដែលល្អៗ ពីគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យកិច្ចសហប្រត្តិបត្តការប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ៕