Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អង្គការWVI-C សហការ CARD រៀបចំសិក្ខាសាលាស្ដីពី «ការជំរុញនិរន្តរភាពប្រព័ន្ធស្បៀង» នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) នៅថ្ងៃទី០៩ ខែមិថុនា បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការជំរុញនិរន្តរភាពប្រព័ន្ធស្បៀង» ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកត្តារាំងស្ទះ ក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយនិរន្តភាព នៅក្នុងប្រទេសកម្ពុជា។

ថ្វីបើមានការរីកចម្រើនក៏ដោយ បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ នៅតែជាកង្វល់អស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែលបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍប្រាជ្ញាស្មារតី និងកាយសម្បទារបស់កុមារ។ វេទិកាលើកទី២ នៃយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានកំណត់គោលដៅកាត់បន្ថយបញ្ហាក្រិសក្រិនរបស់កុមារពី ៣២% ក្នុងឆ្នាំ២០១៤ មកត្រឹម ២៥% ក្នុងឆ្នាំ២០២៣។

ជាលទ្ធផល ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា គោលដៅនេះបានសម្រេចបានត្រឹម ២២% ប៉ុណ្ណោះ។ ទិន្នន័យពី CDHS ក៏បានបង្ហាញថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ គឺស្ទើរតែមិនផ្លាស់ប្តូរ បើធៀបរវាង ឆ្នាំ២០១៤ (១០%) និង ឆ្នាំ២០២១ (៩.៩%) ដែលធ្វើឱ្យគោលដៅដែលបានកំណត់ត្រឹម ៨% មិនសម្រេចតាមផែនការនោះឡើយ។

នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យ ហើយប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែការផ្លាស់ប្តូរនៃបរិស្ថានស្បៀងយ៉ាងឆាប់រហ័ស។ 

ឯកឧត្ដម សុខ ស៊ីឡូ បានរៀបរាប់ថា ដើម្បីលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងផ្សព្វផ្សាយឯកសារ លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា រួមមាន ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ, យុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៩-២០២៣ របស់កម្ពុជា, ផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងអាហារសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០, ក៏ដូចជាផែនការសកម្មភាព និងយុទ្ធសាស្រ្តតាមវិស័យ ដែលមានគោលបំណង «បញ្ចប់ភាពអត់ឃ្លាន ការសម្រេចបាននូវសន្តិសុខស្បៀង ការកែលម្អអាហារូបត្ថម្ភ និងការលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព» សម្រាប់បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តម សុខ សីឡូ បានបន្ថែមទៀតថា៖ «កិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គឺជាកត្តាចំបាច់ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា។ យើងមានគោលនយោបាយ បទប្បញ្ញត្តិ និងក្របខ័ណ្ឌរួចហើយ ប៉ុន្តែយើងពិតជាត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព»។

លោក Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អង្គការទស្សនៈពិភពលោក ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា រយៈពេលជាង ៥០ឆ្នាំ មកហើយ។ លោក Andreas បានបន្តថា៖ « រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាជាង ៦៧ លាន ដុល្លារអូស្រ្តាលី ជួយដល់កម្មវិធីរបស់ពួកគេ [អង្គការទស្សនៈពិភពលោក]។

ជំនួយទាំងនេះមានរួមបញ្ចូលទាំងគម្រោង ពង្រីកសេវាកសិកម្ម និងសិទ្ធិលក់ដូរខ្នាតតូច (ម៉ាស់២) ដែលផ្តោតលើការលើកកម្ពស់ជីវភាពរបស់សហគមន៍កសិកម្ម និងបច្ចេកទេសកសិកម្ម ព្រមទាំងការផ្សារភ្ជាប់ទីផ្សារជាដើម។ ទោះបីជាគម្រោងនេះបានបញ្ចប់ក៏ដោយ យើងរីករាយដែលបានឃើញគម្រោងនេះនៅបន្តមាននិរន្តរភាព និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង»។

នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បាននិងកំពុងអនុវត្តការងារលើផ្នែកកសិកម្ម តាមរយៈកម្មវិធីអនុវត្ត បច្ចេកទេសដាំដុះ និងការអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋានសហគមន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

លោកបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសិទ្ធិអំណាចដល់យុវជន និងស្ត្រី តាមរយៈការរួមបញ្ចូលពួកគេ ក្នុងកិច្ចសន្ទនាតាក់តែងគោលនយោបាយ ការធ្វើសេចក្ដីសម្រេចចិត្ត ការផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់កម្មវិធីបំពាក់បំប៉នជំនាញវិជ្ជាជីវៈ។

លោក បានបន្តថា ៖«យ៉ាងណាក៏ដោយ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បញ្ហាប្រឈម និងឧបសគ្គនៅតែកើតមាន ដែលធ្វើឱ្យពួកយើង [កម្ពុជា] មិនទាន់សម្រេចបាននូវប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តភាព។ ដូច្នេះ ការកំណត់ និងខិតខំប្រឹងប្រែងជម្នះបញ្ហាប្រឈមទាំងអស់ខាងលើ គឺជាការងារសំខាន់ នៅកម្រិតថ្នាក់ជាតិ»។

លោក ជេនេស បានសង្កត់ទៀតធ្ងន់ថា៖ «ជាផ្នែកមួយសិក្ខាសាលាពិគ្រោះយោបល់នេះ WVI-C និង CARD បានសម្របសម្រួលការពិភាក្សាជាក្រុម ដើម្បីស្វែងយល់ពីបញ្ហាប្រឈម អនុសាសន៍ និងដំណោះស្រាយ ហើយប្រមូលយកធាតុចូលទាំងនោះ បញ្ចូលទៅក្នុងយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ថ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ»។

សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ចំនួន ៥៥ នាក់ តំណាងពីវិស័យឯកជន ចំនួន ១៧ នាក់ មន្ត្រីរដ្ឋាភិបាលចំនួន ១៥ នាក់ និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន ១៩ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង