ស៊ីរី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍នាព្រឹកថ្ងៃពុធ ដោយបានដកស្រង់ប្រភពយោធាមួយថា ទាហានម្នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើទីជនបទក្រុង Damascus មីស៊ីលត្រូវបានបាញ់ចេញពីតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ទៅកាន់គោលដៅជាច្រើន ឆ្ពោះទៅភាគនិរតីនៃរដ្ឋធានីស៊ីរី។
សារព័ត៌មានដដែលបានឲ្យដឹងផងដែលថា ការការពារដែនអាកាសរបស់ប្រទេសនេះបានឆ្លើយតបទៅនឹងការគំរាមកំហែងដោយស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់របស់ស៊ីស្រាអែល។ រហូតមកទល់ពេលនេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានធ្វើការវាយឆ្មក់តាមអាកាសប្រឆាំងនឹងក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលកំពុងប្រើប្រាស់ទឹកដីស៊ីរីដើម្បីវាយប្រហារអ៊ីស្រាអែល៕