វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង គ្រោងនឹងផ្តល់សព្វាវុធបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បាននិយាយថា លោក គីម បានសន្យានៅក្នុងសារមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលប្រារព្ធទិវាជាតិរបស់រុស្ស៊ី ដោយលោក គឹម បានអំពាវនាវឱ្យមាន "កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ" ជាមួយទីក្រុងមូស្គូ ដោយ "កាន់ដៃយ៉ាងរឹងមាំជាមួយប្រធានាធិបតីរុស្ស៊ី ហើយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពល" ។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធថា ខ្លួនមិនបានលក់អាវុធឱ្យរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ចប់ការចែកចាយអាវុធ រួមទាំងគ្រាប់រ៉ុក្កែតថ្មើរជើង និងមីស៊ីលទៅឱ្យក្រុមទាហានស៊ីឈ្នួល Wagner ដែលគាំទ្រដោយវិមានក្រឹមឡាំងកាលខែវិច្ឆិកា ឆ្នាំ ២០២២ ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា "យើងមានការព្រួយបារម្ភថាកូរ៉េខាងជើងកំពុងរៀបចំផែនការបញ្ជូនសម្ភារៈយោធាបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី" ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។
បន្ថែមពីនេះកូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្រទីក្រុងមូស្គូ បន្ទាប់ពីខ្លួនបានលុកលុយអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានបន្ទោសលើ "គោលនយោបាយអនុត្តរភាព" និង "ការយកចិត្តទុកដាក់ខ្ពស់" របស់សហរដ្ឋអាម៉េរិក និងលោកខាងលិច។ សហរដ្ឋអាម៉េរិកបាននិយាយកាលពីខែមីនាថា ខ្លួនមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងស្វែងរកយ៉ាងសកម្មក្នុងការទទួលបានអាវុធបន្ថែមពីកូរ៉េខាងជើងជាថ្នូរនឹងជំនួយស្បៀងអាហារ៕