ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹង “កាន់ដៃគ្នា” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារបស់ប្រមុខមេដឹកនាំទាំងពីរ ក្នុងការកសាងប្រទេសដ៏មានឥទ្ធិពលមួយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នាថ្ងៃចន្ទនេះ។
លោក គីម បានសន្យានៅក្នុងសារមួយទៅកាន់លោក ពូទីន ដែលប្រារព្ធទិវាជាតិរបស់រុស្ស៊ី ដោយលោកការពារការសម្រេចចិត្តរបស់ពូទីនក្នុងការឈ្លានពានអ៊ុយក្រែន និងបង្ហាញ "ការគាំទ្រពេញលេញ និងសាមគ្គីភាព"ចំពោះប្រតិបត្តិការពិសេសរបស់រុស្សី ។ លោក គឹម បានអះអាងថា"យុត្តិធម៌គឺប្រាកដថានឹងឈ្នះ ហើយប្រជាជនរុស្ស៊ីនឹងសម្រេចបានជោគជ័យដ៏ធំរបស់ខ្លួន" ។ លោក គឹម ក៏បានអំពាវនាវឱ្យមាន "កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ" ជាមួយទីក្រុងមូស្គូ "កាន់ដៃយ៉ាងរឹងមាំជាមួយប្រធានាធិបតីរុស្ស៊ី ដោយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពលមួយ" ។
គួរបញ្ជាក់ថាកូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្រទីក្រុងមូស្គូ បន្ទាប់ពីខ្លួនបានលុកលុយអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានបន្ទោសលើ "គោលនយោបាយអនុត្តរភាព" និង "ការយកចិត្តទុកដាក់ខ្ពស់" របស់សហរដ្ឋអាម៉េរិក និងលោកខាងលិច៕