បាត់ដំបង៖ អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង នឹងរៀបចំមហោស្រពសិល្បៈទីក្រុង«ស្អាត» ជាថ្មីម្ដងទៀត បន្ទាប់ពីការខកខានមិនបានធ្វើកាលពីឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ មហោស្រពសិល្បៈទីក្រុង«ស្អាត»ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
អង្គការហ្វាពន្លឺសិល្បៈបាត់ដំបងនឹងរៀបចំមហោស្រពសិល្បៈទីក្រុង«ស្អាត» ឆ្នាំ២០២៣ ដែលមហោស្រពនេះ ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្ដង ធ្វើការបង្ហាញជូនសាធារណជននូវទម្រង់សិល្បៈទីក្រុងផ្សេងៗ ដែលក្នុងនោះរួមទាំងរបាំហ៊ីបហប់ និងគំនូរ និងគំនូរបែបសិល្បៈលើជញ្ជាំង។
ឆ្នាំនេះគឺជាឆ្នាំទី៣នៃមហោស្រព បន្ទាប់ពីការចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៨នៅក្នុងបរិវេណហ្វារពន្លឺសិល្បៈ និងក្នុងកម្រិតទូទាំងក្រុងក្នុងឆ្នាំ២០១៩។ បន្ទាប់ពីការខកខានមិនបានធ្វើកាលពីឆ្នាំ២០២១ ដោយសាររោគរាតត្បាត មហោស្រពសិល្បៈទីក្រុង «ស្អាត» នឹងវិលត្រឡប់មកវិញនៅក្នុងខែមិថុនានេះ ដោយមានសកម្មភាពជាច្រើនក្នុងមួយសប្ដាហ៍ពេញ ដោយរួមជាមួយនឹងការដង្ហែក្បួនសិល្បៈ និងការប្រគុំតន្រ្តីនាថ្ងៃចុងក្រោយផងដែរ។
មហោស្រពនេះធ្វើឡើងមានគោលបំណងក្នុងការ បញ្ចូលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅក្នុងសកម្មភាពច្នៃប្រតិដ្ឋ និងទាក់ទាញ ពួកគេឲ្យចូលរួមក្នុងការបង្កើតសិល្បៈ និង បង្កើតគុណតម្លៃប្រកបដោយចីរភាពរបស់សិល្បៈ និងវប្បធម៌។ ជាពិសេស លើកកម្ពស់សិល្បៈ និងវប្បធម៌នៅកម្ពុជា និងចូលរួមចំណែកដល់ការយល់ដឹងពីអន្តរវប្បធម៌ក្នុងតំបន់ និង ផ្ដល់វេទិកាមួយដែលសិល្បករ-ការិនីអាចធ្វើការទំនាក់ទំនងគ្នាបាន។
បន្ថែមពីនេះ មហោស្រពមានគោលបំណងបង្កើនសោភ័ណ្ឌភាពដល់ទីក្រុង តាមរយៈស្នាដៃសិល្បៈ ដែលមានតាំងនៅបានយូរអង្វែង ដូចជាគំនូរលើជញ្ជាំង និងចម្លាក់ជាដើម។ ស្នាដៃ និងសកម្មភាពទាំងនេះ រួមជាមួយនឹងមហោស្រព និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀត ជួយឲ្យខេត្តបាត់ដំបងក្លាយជាខេត្តទាក់ទាញផ្នែកវប្បធម៌សម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើរឆ្លងកាត់ក្នុងខេត្ត ហើយក្នុងពេលតែមួយនោះ គឺការចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់៕