អាម៉េរិក៖ យោងតាមសារព័ត៌មាន Bloomberg News បានរាយការណ៍ថា មន្ទីរបញ្ចកោណគ្រោងនឹងបញ្ចេញជំនួយយោធាចំនួន ២ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយសង្ឃឹមថានឹងពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។
ដោយឡែកទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថាសព្វាវុធនឹងត្រូវបានផ្តល់ជូនក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលបានផ្តល់អាវុធអាម៉េរិករាប់ពាន់លានដុល្លារដល់ទីក្រុងគៀវ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងជាមួយទីក្រុងមូស្គូកាលពីឆ្នាំមុន។
កញ្ចប់ជំនួយថ្មីនេះ នឹងរួមបញ្ចូលមីស៊ីល Patriot ពីរប្រភេទ មីស៊ីល Patriot Advanced Capability Missile-3 (PAC-3) និង មីស៊ីល Guidance Enhanced Missile។ ផលិតដោយក្រុមហ៊ុន Raytheon អាវុធចុងក្រោយត្រូវបានគេជឿថាផ្តល់ "សមត្ថភាពប្រសើរឡើងក្នុងការកម្ចាត់មីស៊ីលផ្លោងយុទ្ធសាស្ត្រ មីស៊ីល ឬយន្តហោះសត្រូវ។
ជំនួយយោធាចុងក្រោយនេះ កើតឡើងនៅពេលដែលក្រុងគៀវ បានធ្វើការវាយប្រហារធំៗជាច្រើនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីនៅទីក្រុងគៀវ ទទូចថា ប្រតិបត្តិការ "ការវាយលុក" ពិតប្រាកដមិនទាន់មកដល់នៅឡើយទេ ដោយប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Aleksey Danilov បានប្រកែកថា "នៅពេលយើងចាប់ផ្តើមការវាយលុក អ្នករាល់គ្នានឹងដឹង។
ទីក្រុងមូស្គូបានថ្កោលទោសម្តងហើយម្តងទៀតនូវជំនួយយោធាបរទេសដល់ក្រុងគៀវ ដោយលើកហេតុផលថា សព្វាវុធនឹងអូសបន្លាយពេលការប្រយុទ្ធ និងជាការរារាំងគោលបំណងរបស់ខ្លួន។ វិមានក្រឹមឡាំងក៏បានបញ្ជាក់ផងដែរថា ខ្លួនចាត់ទុកអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនថាជាភាគីជាក់ស្តែងនៃជម្លោះ ដោយលើកឡើងពីលំហូរអាវុធមិនឈប់ឈរ ការគាំទ្រផ្នែកចារកម្ម ការបណ្តុះបណ្តាល និងជំនួយផ្សេងៗទៀត៕