Cctimesw1140xh150cm copy

អ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលនៅកម្ពុជាស្កេនQRនៅប្រទេសថៃកើនដល់៥២លានរៀលក្នុងមួយថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំនៃការទូទាត់ឆ្លងដែនរវាងកម្ពុជា និងថៃ តាមរយៈការស្កេនQRរបស់អ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលនៅកម្ពុជាទៅប្រទេសថៃបានកើនដល់៥២លានរៀលក្នុងមួយថ្ងៃៗ ខណៈចំនួនប្រតិបត្តិការទូទាត់ក្នុងមួយថ្ងៃគឺមិនត្រូវបានកំណត់នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា ចាប់តាំងពីធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០មក ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុងប្រទេសថៃ បានកើនរហូតដល់៥២លានរៀលក្នុងមួយថ្ងៃ។

លោកបណ្ឌិតបញ្ជាក់ថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់តាមរយៈការស្កេនQRពីកម្ពុជាទៅប្រទេសថៃមានដល់ទៅ ៩,៥៥៥ និងមានទំហំទឹកប្រាក់សរុបប្រមាណ ២៧លានបាត។ លោកបណ្ឌិតបានបន្ថែមថា ឥទ្បូវនេះកម្ពុជាបានទទួលការស្កេនទូទាត់ពីអតិថិជននៃធនាគារពីប្រទេសថៃមកស្កេននៅលើ KHQR របស់ពាណិជ្ជករធនាគារនីមួយៗនៅកម្ពុជា ដែលជាសមាជិកBakong បានហើយ ដែលបច្ចុប្បន្នសមាជិករបស់ Bakong មានចំនួនសរុប ៤៨ធនាគារ/ស្ថាប័ន។

លោកបណ្ឌិតបន្តថា ដើម្បីអាចស្កេនទូទាត់ឆ្លងដែនពីកម្ពុជាទៅប្រទេសថៃបាន អតិថិជនត្រូវមានគណនីជាប្រាក់រៀល ហើយពាណិជ្ជករថៃ (Merchant) ត្រូវមានស្លាកសញ្ញា ThaiQR Promptpay របស់ធនាគារចំនួនប្រាំនៅប្រទេសថៃមានដូចជា៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhya និង Siam Commercial Bank។ សម្រាប់នៅប្រទេសកម្ពុជា មានធនាគារទំនាក់ទំនង(Sponsoring Banks)ចំនួនបី មានដូចជា៖ ACLEDA Bank Plc, Cambodia Commercial Bank (CCB) និង Foreign Trade Bank (FTB) សម្រាប់គាំទ្រអតិថិជនធ្វើប្រតិបត្តិការស្កេនទូទាត់ឆ្លងដែនទៅមករវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ចំពោះកម្រៃសេវាសម្រាប់ប្រតិបត្តិការស្កេនទូទាត់ ឆ្លងដែន រវាងខែ្មរ ស្កេន ថៃ និងថៃ ស្កេន ខ្មែរ គឺមិនគិតថ្លៃសេវាឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារជាតិថៃ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងការទូទាត់ឆ្លងដែន រវាងកម្ពុជា និងថៃ ដែលអនុញ្ញាតឲ្យជនជាតិថៃដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ទិញទំនិញ ឬសេវាកម្មផ្សេង តាមរយៈ QR បានដូចគ្នានឹងជនជាតិខ្មែរដែលធ្វើដំណើរទៅកាន់ប្រទេសថៃដែរ។

គិតមកទល់ពេលនេះមានរយៈពេលជាង៣ឆ្នាំហើយ ដែលប្រទេសកម្ពុជា និងថៃ បានអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR ដែលធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលនៅកម្ពុជាស្កេនទូទាត់នៅក្នុងប្រទេសថៃបានរហូតដល់៥២លានរៀល នៅក្នុងមួយថ្ងៃៗ រីឯចំនួនប្រតិបត្តិការទូទាត់ក្នុងមួយថ្ងៃ គឺមិនត្រូវបានកំណត់នោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង