Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ធនាគារ អេស៊ីលីដា ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនCBC ដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាចែករំលែកព័ត៌មានឥណទាននៅកម្ពុជា លើកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល នៅទី៨ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី) ជាជំហានដំបូង ក្នុងឆ្នាំ២០១៩ ក្នុងការ ផ្ដល់សេវាកម្មត្រួតពិនិត្យ សុខភាពហិរញ្ញវត្ថុ ជូនដល់អតិថិជន និងសាធារណជន តាមរយៈការស្នើសុំឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមបណ្តាការិយាល័យសាខា ធនាគារ អេស៊ីលីដា នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ មុនដាក់ពាក្យស្នើសុំទទួលបានឥណទាន ដែលលក្ខខណ្ឌនេះជាការកំណត់ឡើងដោយច្បាប់ផង និងការជួយការពារដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូលពីហានិភ័យនានាផងដែរ។

ឥឡូវនេះ វាជាជំហានទី២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញនូវប្រវត្តិនៃការខ្ចីប្រាក់ និងការសងប្រាក់របស់អតិថិជន ជាមួយនឹងធនាគារ អេស៊ីលីដា ឬគ្រឹះស្ថានធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុ ដទៃទៀត។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី បានលើកឡើងថា ក្រុមហ៊ុនបន្តសហការជាមួយធនាគារ អេស៊ីលីដា ដែលជាដៃគូដ៏យូរអង្វែងរបស់ ស៊ីប៊ីស៊ី ក្នុងគោលបំណងដើម្បីបន្តពង្រីកការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ វាបានឆ្លុះបញ្ចាំងដល់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិយាប័នហិរញ្ញវត្ថុផងដែរ។

ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សលើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាសង្គមទាំងមូល កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថល នៅទូទាំងប្រទេសផង។

របាយការណ៍ឥណទានផ្ទាល់ខ្លួន គឺជាការដាក់បញ្ចូលនូវប្រវត្តិបង់សងឥណទានរបស់អ្នកខ្ចីពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ អ្នកផ្តល់កម្ចីទាំងអស់ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យលើប្រវត្តិឥណទានរបស់អ្នកស្នើសុំកម្ចី ដើម្បីពិនិត្យមើលលើលទ្ធភាពឥណទានរបស់អ្នកខ្ចីមុនពេលសម្រេចចិត្តផ្តល់កម្ចី។ ប្រវត្តិឥណទានល្អ នឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី ដើម្បីទទួលបានកម្ចី។ នេះជាប្រសាសន៍របស់លោក អឿ សុធារ័ត្ន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង