តៃប៉ិ៖ តៃវ៉ាន់បានបើកប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពី យន្តហោះយោធាចិនចំនួន ៣៧ គ្រឿងបានហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ហើយមួយចំនួនហោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ តែងតែធ្វើប្រតិបត្តិការទ័ពអាកាសរបស់ខ្លួន ទៅកាន់លំហអាកាសក្បែរតៃវ៉ាន់ ទោះបីជាមិនចូលទៅក្នុងលំហអាកាសរបស់តៃវ៉ាន់ក៏ដោយ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង ៥ ព្រឹក ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣៧ គ្រឿង រួមទាំងយន្តហោះចម្បាំង J-11 និង J-16 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែ ដែលកំពុងហោះហើរចូលទៅក្នុងជ្រុងភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ។ ADIZ គឺជាតំបន់ទូលំទូលាយ ដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាត ដើម្បីផ្តល់ពេលវេលាបន្ថែមដល់កងកម្លាំងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយពីសត្រូវ។
យន្តហោះចិនមួយចំនួនបានហោះហើរទៅកាន់ភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ហើយបានឆ្លងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចដែលតៃវ៉ាន់បានចាត់ទុកប្រទេសចិនកំពុងតែបង្កការគំរាមគំហែងមកកាន់ដែនដីរបស់ខ្លួន។
ប្រទេសចិនបានបញ្ចប់ដំណាក់កាលទីពីរនៃការល្បាតតាមអាកាសរួមគ្នាជាមួយរុស្ស៊ីនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចកាលពីថ្ងៃពុធបន្ទាប់ពីការហោះហើរនៅថ្ងៃមុននៅលើសមុទ្រជប៉ុននិងសមុទ្រចិនខាងកើតដែលបង្កឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុនចំពោះសន្តិសុខជាតិរបស់ខ្លួន។
លោកស្រី Laura Rosenberger ប្រធានវិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់ ដែលគ្រប់គ្រងទំនាក់ទំនងក្រៅផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ កំពុងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃច័ន្ទ លោកស្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ថា សហរដ្ឋអាម៉េរិកមានចំណាប់អារម្មណ៍យូរអង្វែងក្នុងការរក្សាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយសហរដ្ឋអាម៉េរិកនឹងបន្តផ្តល់អាវុធដល់តៃវ៉ាន់៕