រុស្សី៖ កងកម្លាំងរុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការមួយរបស់កងទ័ពអ៊ុយក្រែន ខណៈដែលកងទ័ពអ៊ុយក្រែនបានស្ទាក់ចាប់មីស៊ីលនាវារុស្ស៊ីអស់ជាច្រើនគ្រាប់។ នេះបើយោងតាមការសង្ខេបផ្លូវការរបស់ប្រទេសទាំងពីរកាលពីថ្ងៃអង្គារ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ីបានវាយលុកការប៉ុនប៉ងវាយលុកដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅចំណុចផ្សេងៗគ្នានៅតាមជួរមុខក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ដែលបណ្តាលឱ្យមាន "ការស្លាប់បាត់បង់ជីវិតទាហានអស់ជាច្រើននាក់"។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃដដែលនោះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះ Su-25 ចំនួនពីរគ្រឿង យន្តហោះចម្បាំង Su-27 មួយគ្រឿង ឧទ្ធម្ភាគចក្រ Mi-8 ចំនួនពីរគ្រឿង និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ព្រមទាំងស្ទាក់ចាប់មីស៊ីល Cruise និងរ៉ុក្កែតជាច្រើនគ្រាប់។ ក្រសួងបាននិយាយថា កងកម្លាំងអាកាសយានិករុស្ស៊ីបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដើម្បីវាយប្រហារមជ្ឈមណ្ឌលបញ្ជាមួយរបស់អ៊ុយក្រែន។
នាថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីតាមទិសដៅជាច្រើន ហើយបានវាយប្រហារគោលដៅយោធាសំខាន់ៗរបស់រុស្ស៊ី រួមមានប៉ុស្តិ៍បញ្ជាការ ឃ្លាំងរំសេវ និងប្រព័ន្ធការពារដែនអាកាស។
ចំណែកកងកម្លាំងអ៊ុយក្រែនក៏បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកលើតំបន់ជួរមុខរបស់រុស្ស៊ី និងស្ទាក់ចាប់មីស៊ីល Cruise ជាច្រើនដែលបាញ់ដោយរុស្ស៊ី រួមជាមួយនឹងកងកម្លាំងការពារដែនអាកាសផងដែរ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Hanna Maliar បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងសម្រុកវាយយកទិសដៅតំបន់ជាច្រើនមកវិញ រួមទាំង Bakhmut និង Donetsk៕