ចិន៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន លោក Li Shangfu បានគូសបញ្ជាក់ថាទីក្រុងប៉េកាំងនឹងមិនបោះបង់សិទ្ធិប្រើប្រាស់កម្លាំងក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើយ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Morning Post ។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិបានសម្តែងក្តីសង្ឃឹមសម្រាប់ការផ្សះផ្សាដោយសន្តិវិធី ហើយក៏បានព្រមានប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេសជុំវិញនៃកោះតៃវ៉ាន់ថែមទៀតផង។
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Tan Kefei បានពណ៌នាអំពីជំនួបដែលលោក Li មានជាមួយសមភាគីសិង្ហបុរី លោក Ng Eng Hen នៅមុនថ្ងៃនោះ។ លោកបាននិយាយថា ក្រុមមន្ត្រីបានពិភាក្សាអំពីកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកជាផ្នែកនៃដែនអធិបតេយ្យរបស់ខ្លួន លោកឲ្យដឹងថា “យើងនឹងមិនអត់ឱនចំពោះការប៉ុនប៉ងណាមួយរបស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដើម្បីស្វែងរកការគាំទ្រពីបរទេសសម្រាប់ឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ ហើយក៏នឹងមិនអត់ឱនចំពោះការប៉ុនប៉ងណាមួយរបស់កងកម្លាំងខាងក្រៅដើម្បីប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិនឡើយ។
លោកបានបន្ថែមថាទីក្រុងប៉េកាំងនឹង "បន្តខិតខំសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីជាមួយនឹងភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យបំផុត"។
ចំណែកសហរដ្ឋអាម៉េរិកបានលាតត្រដាងកាលពីដើមសប្តាហ៍នេះថា លោក Li ដែលស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន បានបដិសេធកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lloyd Austin នៅខាងក្រៅវេទិកាសន្តិសុខ Shangri-La Dialogue ប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី។ ក្រសួងការបរទេសចិនបានពន្យល់ថា សហរដ្ឋអាម៉េរិកត្រូវតែ "កែតម្រូវ" គោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិន និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួន៕