ភ្នំពេញ៖ អង្គការផ្កាយសមុទ្រកម្ពុជា នាថ្ងៃទី២៨ ឧសភាខាមុខនេះ នឹងបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន។ នៅក្នុងការប្រកួតនោះ មានកីឡាករកីឡាការនីសរុបចំនួន ១៨០នាក់ មកជួបជុំគ្នាប្រកួតប្រជែងដណ្តើមយកជ័យលាភី លេខមួយ និងលេខពីរ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន ដែលរៀបចំដោយអង្គការផ្កាយសមុទ្រកម្ពុជា មានកីឡាករកីឡាការនីសរុបចំនួន ១៨០នាក់ មកពី១២ក្រុម ទៅតាមប្រភេទ អាយុផ្សេងៗដូចជា កុមារាកុមារីអាយុក្រោម ១០ឆ្នាំ, កុមារាកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុ ក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើមនឹងមកជួបជុំគ្នាប្រកួតប្រជែងដណ្តើមយកជ័យលាភី លេខមួយ និងលេខពីរ ។
តាមរយៈការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League នឹងនាំកីឡាករ កីឡាការនីទាំងអស់មកពីសហគមន៍នានាជុំវិញរាជធានីភ្នំពេញមកប្រមូលផ្តុំគ្នាប្រកួតប្រជែង ។ កីឡាករកីឡាការនីដ៏មានទេពកោសល្យ និងពោរពេញដោយទឹកចិត្តស្រលាញ់កីឡាយ៉ាងជ្រាលជ្រៅ ទាំងនេះនឹងបង្ហាញពីភាពប៉ិនប្រសប់ ការធ្វើការងារជាក្រុម និងឆន្ទៈមោះមុត ដែលរំលេចឲ្យឃើញកាន់តែច្បាស់ពីសក្តានុពលនៃកីឡាក្នុងការផ្លាស់ប្តូរជីវិត៕