ភ្នំពេញ៖សំណុំរឿងបទចោទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល»របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ ត្រូវបានតុលាការក្រុងភ្នំពេញប្រកាសសាលក្រម សម្រេចផ្តន្ទាទោសឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ និងបានដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយរបស់លោកថែមទៀត ហើយបានដាក់បម្រាមមិនឱ្យលោកជួបជាមួយបរទេស ឬអ្នកផ្សេងក្រៅពីក្រុមគ្រួសារឡើយ។មុខតុលាការសម្រេចឃុំខ្លួន លោកកឹម សុខា បានស្កាត់ជួបជាមួយមន្ត្រីជាន់ខ្ពស់របស់អាម៉េរិកចំនួនជាង១០លើកទាំងនៅក្នុងផ្ទះរបស់លោកផង និង ក្នុងនៅនិវេសនដ្ឋានរបស់មន្ត្រីទូតផងដែរ។
រាប់គិតចាប់តាំងពីការចាប់ខ្លួនឆ្នាំ២០១៨មក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលការចោទប្រកាន់ថា«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល»បានទទួលជួបពិភាក្សាការងារដោយសំងាត់ជាច្រើនដងជាមួយមន្ត្រីទូតនានារបស់លោកខាងលិច ហើយក្នុងនោះមន្ត្រីជាន់ខ្ពស់អាម៉េរិកមានជំនួនច្រើនជាងគេ។
យោងតាមប្រភពហ្វេកប៊ុកផ្លូវការរបស់លោក កឹម សុខា រាប់ចាប់តាំងពីឆ្នាំ២០១៨មក លោកកឹម សុខា បានស្កាត់មានជួបជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិកចំនួន១២លើកដោយក្នុងចំណោម១២លើកនោះក៏មានជំនួបជាមួយលោក Antony BLINKEN រដ្ឋមន្ត្រីការបរទេសអាម៉េរិក នៅ Hotel Le Royalផងដែរ។
ក្រៅពីនោះមានមន្ត្រីជាច្រើនរូបទៀតមានជាអាទិ៍៖ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាសុីបូព៌ា និងប៉ាសុីហ្វិក,លោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក,ហើយជំនួបជាមួយលោក Patrick MURPHY ឯកអគ្គរដ្ឋទូតអាម៉េរិកនៅកម្ពុជាច្រើនជាងគេ។ជាការជជែកបិទទ្វាសំងាត់ ខណៈលោកកំពុងស្ថិតក្នុងការតាមដានពីតុលាការ។
លោក មុត ចន្ថា ទីប្រឹក្សានិងជាមនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងថា ក្នុងជំនួបជាមួយមន្ត្រីទូតនានារាប់ទាំងមន្ត្រីជាន់ខ្ពស់អាម៉េរិក គឺលោក កឹម សុខា តែងតែតម្កល់ឧត្តមប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋខ្មែរខ្ពស់បំផុត ហើយលោកពុំដែលបានស្នើសុំដល់ប្រទេសជាមិត្តរបស់កម្ពុជា ឱ្យដាក់ទណ្ឌកម្ម ឬកាត់ផ្តាច់ជំនួយពីប្រជាពលរដ្ឋខ្មែរម្តងណាឡើយ។សម្រាប់លោក មុត ចន្ថា ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ លោកកឹម សុខា បានស្នើសុំដល់ប្រទេសជាមិត្តឱ្យជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ព្រមទាំងអំពាវនាវដល់សប្បុរសជនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជួយបរិច្ចាគផងដែរ។
តែយ៉ាងណាក៏ដោយ សកម្មភាពរបស់លោកកឹម សុខា នេះត្រូវបានគេមើលឃើញថា ធ្វើឡើងស្របពេលដែលខ្លួនលោកកំពុងជាប់ការសង្ស័យជាជនក្បត់ជាតិ ឬ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល»ដែលតុលាការកំពុងដំណើការក្តីរបស់លោក។សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដល់ទៅមិត្តបរទេសថា កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយកម្ពុជា។សម្រាប់សម្តេច តាមរយៈបទពិសោធន៍ដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ សម្តេចដឹងច្បាស់ពីចរន្តនយោបាយ ហើយសម្តេចមិនមែនជាក្មេងបៀមដៃនោះទេ។
ទោះថ្លែងមិនចំឈ្មោះថាជានណា តែគេអាចដឹងបានថា សម្តេច ចង់សំដៅទៅលោក កឹម សុខា ដោយបានសង្កត់ធ្ងន់ថា សម្តេចមិនដោះលែង «កឹម សុខា» ព្រោះសម្តេចមិនទុកចិត្តមិត្តបរទេស ហើយកម្ពុជាមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការឆ្លើយតបចំពោះទង្វើណាមួយដែលប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា៕