អាម៉េរិក៖ ក្រុមអ្នកវិទ្យាសាស្រ្តក្នុងសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ បានរុករកឃើញវត្ថុបុរាណមានតម្លៃជាច្រើនដែលជាប់ក្នុងកប៉ាល់ទីតានិច ហើយ ការរុករកឃើញនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តប្រើបច្ចេកវិទ្យាស្កេនចុងក្រោយបង្អស់ តាមរយៈការស្កេនរុករករបស់របរដែលជាប់ខាងក្នុងខ្មោចកប៉ាល់ទីតានិចដែលបានលិចកាលពីឆ្នាំ ១៩១២។
ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រើនាវាមុជទឹកដែលដំណើរការពីចម្ងាយចំនួនពីរ ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានចំណាយពេល ៦ សប្តាហ៍នៅអាត្លង់ទិកខាងជើង ដើម្បីធ្វើផែនទីរកទីតាំងនៃការលិចកប៉ាល់ទាំងមូល។
លោក Richard Parkinson នាយកប្រតិបត្តិនៃក្រុមហ៊ុនរុករកទឹកជ្រៅ Magellan បានប៉ាន់ប្រមាណថា ទិន្នន័យលទ្ធផលគឺធំជាងគំរូ 3D ក្រោមទឹក ១០ ដងដែលមិនធ្លាប់មានពីមុនមក។ អ្នកស្រាវជ្រាវបានចំណាយពេលជាច្រើនខែ ដើម្បីបង្ហាញទិន្នន័យដ៏ច្រើនដែលពួកគេប្រមូលបាន ហើយឯកសារស្តីពីគម្រោងនេះត្រូវបានគេរំពឹងថានឹងចេញនៅឆ្នាំក្រោយ។
កប៉ាល់ទីតានិក ត្រូវបានរុករកយ៉ាងទូលំទូលាយចាប់តាំងពីការបាក់បែកត្រូវបានគេរកឃើញក្នុងឆ្នាំ ១៩៨៥ ដោយសារតែលិចក្នុងជម្រៅបាតសមុទ្រទើបបានជាពិបាកដល់អ្នកវិទ្យាសាស្រ្តក្នុងការស្រោចស្រង់សាកសពកប៉ាល់ទីតានិចមកវិញ ក៏ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្រ្តអាចធ្វើបានគឺជាផ្តិតរូបភាពសាកសពនៃកប៉ាល់ទីតានិចតែប៉ុណ្ណោះ។ ការស្កែនថ្មីនេះ គឺជាការចាប់យកបំណែកនៃការបាក់បែកទាំងស្រុងរបស់កប៉ាល់។
នាវាមុជទឹកដែលគ្រប់គ្រងពីចម្ងាយដោយក្រុមមួយនៅលើកប៉ាល់ឯកទេសបានចំណាយពេលជាង ២០០ ម៉ោងដើម្បីស្ទង់មើលប្រវែង និងទទឹងនៃបំណែកកប៉ាល់។ ក្រុមអ្នកវិទ្យសាស្រ្តបានយករូបភាពជាង ៧០០,០០០ ពីគ្រប់មុំ ដើម្បីបង្កើតជារូបរាង 3D។
គួរបញ្ជាក់ថាកប៉ាល់ទីតានិចបានលិចចូលក្នុងបាតសមុទ្រអាត្លង់តិចដែលមានជម្រៅជាង ៤០០០ម៉ែត្រកាលពីឆ្នាំ ១៩១២ ដោយបណ្តាលឲ្យមានអ្នកបាត់បង់ជីវិតជាង ១៥០០នាក់។ ការលិចនៃកប៉ាល់យក្សដ៏ធំមានទម្ងន់ជាង ៦ម៉ឺនតោននេះ គឺដោយសារកប៉ាល់បានជ្រុលចង្កូតទៅបុកផ្ទាំងទឹកកកទើបបណ្តាលឲ្យលិច៕