វៀតណាម៖ ប្រទេសវៀតណាមបានច្រានចោល របាយការណ៍របស់សហរដ្ឋអាម៉េរិកចុះផ្សាយស្តីពីសេរីភាពសាសនាក្នុងប្រទេសរបស់ខ្លួន។ ការច្រានចោលនេះធ្វើឡើងភ្លាមៗក្រោយវៀតណាមបានចាត់ទុកថាអាម៉េរិកកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតប្រាកដ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា គោលជំហរជាប់លាប់របស់វៀតណាមគឺគោរព និងការពារសិទ្ធិមនុស្ស និងសេរីភាពខាងសាសនា និងជំនឿរបស់ប្រជាជន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងប្រព័ន្ធច្បាប់របស់ខ្លួន។
លោកស្រីបានឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ឆ្នាំ ២០២២ ស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលចេញកាលពីថ្ងៃចន្ទដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ ស្តីពីសេរីភាពសាសនាដោយគណៈកម្មការសហរដ្ឋអាមេរិកស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលបានលើកឡើងពីប្រទេសវៀតណាម ខណៈពេលដែលរបាយការណ៍បានទទួលស្គាល់ "វឌ្ឍនភាព" ដោយប្រទេសវៀតណាមក្នុងការគោរពសេរីភាពសាសនា និងបានលើកឡើងពីព័ត៌មានដែលបានផ្ទៀងផ្ទាត់ជាក់លាក់ពីរដ្ឋាភិបាលវៀតណាម។
សម្រាប់លោកស្រី Pham Thu Hang “វៀតណាមមានឆន្ទៈក្នុងការពិភាក្សាជាមួយសហរដ្ឋអាម៉េរិកអំពីបញ្ហាផលប្រយោជន៍ទៅវិញទៅមកក្នុងស្មារតីស្មោះត្រង់ បើកចំហ និងការគោរពគ្នាទៅវិញទៅមក ដោយហេតុនេះជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”៕