ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដោយលើកឡើងពីកិច្ចប្រជុំរវាងលោកប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រី Fumio Kishida ថាអាម៉េរិកនឹងការពារប្រទេសជប៉ុនដោយអាវុធបរមាណូប្រសិនបើចាំបាច់។ ការពិភាក្សាបានធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលត្រូវបានបំផ្លាញដោយគ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំ ១៩៤៥។
យោងតាមក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា "ប្រធានាធិបតី Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះការការពារជាតិរបស់ប្រទេសជប៉ុន ក្រោមសន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិការ និងសន្តិសុខទៅវិញទៅមក ដែលគាំទ្រដោយសមត្ថភាពពេញលេញ រួមទាំងនុយក្លេអ៊ែរផងដែរ" ។ អ្នកទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវតួនាទីសំខាន់ដែលសហរដ្ឋអាម៉េរិកបានពង្រីកការរារាំងក្នុងការធានាសន្តិសុខរបស់ប្រទេសជប៉ុន ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់ គួបផ្សំនឹងការពង្រឹងសមត្ថភាពការពាររបស់ប្រទេសជប៉ុន។
រដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោកលើកទី ២ របស់ប្រទេសជប៉ុនដែលសរសេរដោយអាជ្ញាធរកាន់កាប់របស់អាម៉េរិកបានកំណត់យោធារបស់ប្រទេសនេះទៅជាកម្លាំងការពារស្វ័យការពារ។ ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមលើកទឹកចិត្តទីក្រុងតូក្យូ ឱ្យពង្រឹងយោធាឡើងវិញ ដោយលើកឡើងពីការកើនឡើង "ការគំរាមកំហែង" របស់ប្រទេសចិន។
លោក Biden និង Kishida បានយល់ព្រមលើសារៈសំខាន់នៃ "កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើបញ្ហាប្រឈមរួមគ្នា" មេដឹកនាំទាំងពីរបានប្តេជ្ញាចិត្តថានឹងមិនអត់ឱនចំពោះ "ការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពដោយបង្ខំនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសនៅអាស៊ីបូព៌ា"ឡើយ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេលមួយម៉ោង នាយករដ្ឋមន្ត្រីជប៉ុនក៏បាននិយាយផងដែរថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាម៉េរិកគឺជា "មូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក"៕