ភ្នំពេញ៖ កីឡាការនី ស្រួង ភាវី បានធ្វើការបង្ហោះសារ ថានឹងមានកម្មវិធីសប្បុរសធម៌មួយជាមួយនឹងកុមារដែលមានពិការភាព នៅថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២៣ នៅជាន់ទី៣មុខសាលប្រជុំធំនៃ អគារផ្សារទំនើបខេស៊ី នៅម៉ោង ១១ ថ្ងៃត្រង់។
មុនពេលប្រកួតក្នុងស៊ីហ្គេមនេះក្តី កីឡាការនីរូបនេះធ្លាប់បានចូលរួមក្នុងការងារសង្គមដែលជួយកុមារជាច្រើននៅតំបន់ផ្សេងៗគ្នាដែលកំពុងតែត្រូវការជំនួយ។ មកដល់ពេលនេះ ស្រ្តីរូបនេះនៅតែមានឆន្ទៈក្នុងការបន្តធ្វើការងារនេះបន្តទៀត ដោយប្រើប្រាស់ប្រាក់ដែលខ្លួនមានទាំងប៉ុន្មានពីការឈ្នះក្នុងស៊ីហ្គេមដើម្បីធ្វើសប្បុរសធម៌ដែលជាទង្វើមួយមិនអាចកាត់ថ្លៃបាន។
បើតាមការបង្ហោះសាររបស់ កីឡាការនី ស្រួង ភាវី បានឱ្យដឹងថា កីឡាការនីរូបនេះនឹងយកថវិកាដែលទទួលបានពីការឈ្នះការប្រកួតក្នុងស៊ីហ្គេមដើម្បីធ្វើជាកម្មវិធីសប្បុរសធម៌សម្រាប់កុមារកម្ពុជា។ បន្ថែមពីនេះ កីឡាការនីរូបនេះក៏បានធ្វើការបបួលមិត្តអ្នកគាំទ្រដើម្បីចូលរួមក្នុងការធ្វើសកម្មភាពមួយនេះជាមួយគ្នានៅថ្ងៃទី១៨ ឧសភានេះផងដែរ។
កម្មវិធីសប្បុរសធម៌នេះនឹងត្រូវបានធ្វើឡើងដោយមានការចូលរួមជាមួយនឹងអង្គការសមាគមសប្បុរសធម៌របស់កីឡាការនី ស្រួង ភាវីផ្ទាល់ និងសហការជាមួយនឹងសមាគម VMove Club និងសមាជិកឧត្តមគតិកូនខ្មែរ ដើម្បីចូលរួមជួបជុំបរិភោគអាហារសាមគ្គីគុណធម៌ដល់ប្អូនៗដែលមានពិការភាពចំនួន១០០នាក់។
ក្រោយបានធ្វើការបង្ហោះសារជារូបភាពជាមួយនឹងខ្លឹមសារក្នុងការបបួលអ្នកគាំទ្របែបនេះ ធ្វើឱ្យមានអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួមសកម្មភាពជាមួយគាត់ជាច្រើន ដែលបណ្តាលឱ្យកីឡាការនីរូបនេះបង្ហាញទីតាំងលម្អិតដែលនឹងធ្វើសកម្មភាពថ្ងៃនេះ។
បើតាមខ្លឹមសារដែលកីឡាការនីរូបនេះបានផ្សាយក្នុងគេហទំព័រផ្ទាល់ខ្លួនបានបង្ហាញឱ្យឃើញថានឹងមានការប្រារព្ធកម្មវិធីសប្បុរសធម៌នៅជាន់ទី៣ មុខសាលប្រជុំ អាគារផ្សារទំនើបខេស៊ី ជិតវត្តតាំងកសាង ចូលតាមច្រកទ្វារវត្តតាំងកសាង ផ្លូវព្រលានយន្តហោះភ្នំពេញ ចម្ងាយពីរគីឡូម៉ែត ទល់មុខបុរីអរគីដេ ។
កីឡាការី ភាវី បានបញ្ជាក់ផងដែរថា អ្នកចូលរួមក្នុងកម្មវិធីនេះនឹងបានឃើញនូវសកម្មភាពបញ្ចេញសមត្ថភាពរបស់ប្អួនៗដែលមានពិការភាព៕