ប្រវត្តត្រួសៗពីបេក្ខជននាយករដ្ឋមន្រ្តីថៃរបស់គណបក្សកាវក្លៃ (បោះជំហានទៅមុខ) ដែលបានឈ្នះការបោះឆ្នោតរើសតំណាងរាស្រ្តថៃឆ្នាំ២០២៣នាសប្តាហ៍នេះ។ Pita Limjaroenrat រឺភីថា លីមចារើនរ៉ាត់ ហៅធីម មានអាយុ ៤៣ឆ្នាំ (កើតនៅក្នុងឆ្នាំ១៩៨០) កើតពីត្រកូលអ្នករកស៊ីវិស័យកសិកម្ម និងក៏ជាអ្នកនយោបាយក្នុងរដ្ឋាភិបាលរបស់លោកអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន។ ក្នុងវ័យកុមារ គឺជាក្មេងក្បាលរឹង មិនស្តាប់បង្គាប់ កុមារធីម ភីថា ត្រូវបានឳពុកម្តាយបញ្ជូនទៅរៀននៅឯប្រទេសញូវហ្សេលែន ដើម្បីហ្វឹកហាត់វិន័យសម្រាប់ខ្លួនឯងដូចជាត្រូវធ្វើការនានាដូចជាបេះផ្លែឈើ និងជិះកង់បោះកាសែត។
បុរសពោះម៉ាយវ័យ ៤៣ឆ្នាំរូបនេះ ក្រោយបញ្ចប់មធ្យមសិក្សា លោកធីមភីថាបានមកសិក្សាថ្នាក់ឧត្តមផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យធម្មសាស្រ្ត ហើយបានបញ្ចប់ការសិក្សាដោយចំណាត់ថ្នាក់លេខ១ ហើយបានទទួលអាហារូបករណ៍ទៅសិក្សានៅអាម៉េរិក។ លោកធីមភីថាគឺជាជនជាតិថៃទី១ដែលទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យហាវើត (Harvard University) ដែលជាសកលវិទ្យាល័យដ៏ល្បីឈ្មោះមួយក្នុងពិភពលោក លោកក៏បានសិក្សាអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ។ លោកក៏បានបន្តការសិក្សាអនុបណ្ឌិតមួយទៀតផ្នែករដ្ឋបាលពាណិជ្ជកម្មពី Massachusetts Institute of Technology។
ក្នុងវ័យ២៥ឆ្នាំ លោកធីមភីថា ត្រូវបានហៅត្រឡប់ឲ្យមកគ្រប់គ្រងអាជីវកម្មគ្រួសារជាបន្ទាន់ព្រោះឳពុកលោកទទួលមរណភាព ហើយក្រុមហ៊ុនក៏កំពុងធ្លាក់ចុះដោយជាប់បំណុលជាង១០០លានបាត។ ក្រោយពីបានជួយស្រោច ស្រង់ក្រមហ៊ុនបានជោគជ័យ ហើយធ្វើឲ្យក្រុមហ៊ុនអាចឈរជើងបានយ៉ាងរឹងមាំហើយនោះ លោកត្រឡប់ទៅបញ្ចប់កាសិក្សានៅអាម៉េរិកវិញ។ ពីឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០១៨ លោកបានកាន់តំណែងជាប្រធានគ្រប់គ្រងក្រុមហ៊ុន Grab Thailand ហើយបានជួយអភិវឌ្ឍ Grab នៅថៃដូចបានឃើញនាពេលនេះ។
នៅឆ្នាំ២០១៩ លោកបានចូលប្រឡូកនយោបាយជាមួយគណបក្សអនាគតថ្មីដែលជាបក្សថ្មីមួយដឹកនាំដោយក្រុមយុវជនជំនាន់ថ្មី ហើយនយោបាយសំខាន់បំផុតគឺប្រឆាំងរបបយោធានិយម។ នៅឆ្នាំ២០២០ គណបក្សអនាគតថ្មីត្រូវបានរំលាយចោល។ លោកធីមភីថា បានមកបង្កើតបក្សថ្មីឈ្មោះកាវក្លៃដែលមានសមាជិកភាគច្រើនសុទ្ធតែជាយុវជនជំនាន់ក្រោយ។
បុរសពោះម៉ាយរូបនេះបានលែងលះភរិយាក្នុងឆ្នាំ ២០១៩ ដោយប្សល់កូនក្នុងបន្ទុកមួយនាក់មានអាយុ ៧ឆ្នាំ។ ភរិយារបស់លោកគឺជាតួសម្តែងថៃលោកស្រី Chutima Teepanat៕