ក្រុងឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទៅដល់ចក្រភពអង់គ្លេសនាថ្ងៃច័ន្ទនេះ ដែលជាដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ដំណើរទស្សនកិច្ចនេះគឺដើម្បីរក្សាចំណងមិត្តភាពជាមួយសម្ព័ន្ធមិត្ត និងការស្វែងរកជំនួយសព្វាវុធបន្ថែមទៀតពីលោកខាងលិច។
លោក Zelensky បានធានាការប្តេជ្ញាចិត្តថ្មីពីទីក្រុងប៊ែរឡាំង និងប៉ារីសសម្រាប់ជំនួយ និងការគាំទ្រផ្នែកយោធាក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងសប្តាហ៍ទៅកាន់ទីក្រុងទាំងនោះ។ អាល្លឺម៉ង់បានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនសរុបចំនួន ២,៩៥ ពាន់លានដុល្លារ ដែលស្ទើរតែទ្វេដងនៃការប្តេជ្ញាចិត្តរបស់ខ្លួនចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ ហើយអ៊ុយក្រែនបានប្រកាសបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Zelensky ទៅកាន់ទីក្រុងប៉ារីសថា បារាំងបានយល់ព្រមហ្វឹកហាត់ និងបំពាក់កងវរសេនាតូចអ៊ុយក្រែនជាច្រើនជាមួយនឹងរថពាសដែក និងរថក្រោះធុនស្រាលរាប់សិបគ្រឿង៕