ភ្នំពេញ៖ កីឡាការិនីគុនខ្មែរ ទួន ស្រីភីន នាថ្ងៃទី១១ ឧសភា ទទួលបានមេដាយប្រាក់ លើប្រភេទវិញ្ញាសាគុនខ្មែរ ក្រោយចាញ់កីឡាការិនីវៀតណាម BUI YEN LY ដោយពិន្ទុ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
កីឡាការិនីគុនខ្មែរ ទួន ស្រីភីន ទទួលបានមេដាយប្រាក់ក្រោយចាញ់ក្រោមថ្វីដៃកីឡាការិនីវៀតណាម BUI YEN LY ក្នុងវិញ្ញាសារគុនខ្មែរ ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ទម្ងន់៥៧ គីឡូក្រាម (នារី) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះកីឡាករ កីឡាការិនីកម្ពុជានៃការខិតខំប្រឹងប្រែង ទទួលបានមេដាយមាស និងមេដាយប្រាក់ផងដែរ។
គួរបញ្ជាក់ថា កីឡាករគុនខ្មែរដែលបានឈ្នះមេដាយមាស រួមមានកីឡាករ ឃុន ឡាំងកូសុីន, ឃុន បូរ៉ា, ឈុន វ៉ាន់ថង, ទិត សោភ័ណ្ឌ, រុំ សំណាង, ឡៅ សន្ទ្រានិងកីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនីដែលទទួលបានមេដាយប្រាក់ រួមមាន មើយ សឹុង ហើយក៏ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៅកម្ពុជា៕