តាកែវ៖ សាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានមន្រ្តីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ សហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករដកហូតបានយកកម្ទេចចោល កាលពីថ្ងៃទី០៨ ឧសភា ម្សិលមិញនេះ ក្រោយត្រួតពិនិត្យឃើញថាការវេចខ្ចប់មិនត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេស ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញ គយនិងរដ្ឋាករច្រកទ្វារភ្នំដិន និងអមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារបានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ ការត្រួតពិនិត្យ គឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។
តាមលទ្ធផលនៃការត្រួតពិនិត្យនិងរបាយការណ៍របស់មន្រ្តីជំនាញគឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕