កូរ៉េ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានគូសបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានយល់ព្រម "ធ្វើឱ្យប្រសើរឡើង" សម្ព័ន្ធភាពយោធារបស់ពួកគេ និងបានសាទរចំពោះទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធ បន្ទាប់ពីការធ្វើដំណើររបស់លោកទៅកាន់រដ្ឋធានីសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ។
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ លោក Yoon បានលើកឡើងពីសេចក្តីថ្លែងការណ៍រួមដែលបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីសប្តាហ៍មុន ដែលបានប្រកាសពីការពង្រឹងការសម្របសម្រួលផ្នែកយោធារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងក្នុងវិស័យផ្សេងៗគ្នា ក៏ដូចជាផែនការជំរុញពាណិជ្ជកម្ម និងការវិនិយោគផងដែរ។
លោកប្រធានាធិបតីបាននិយាយថា "សម្ព័ន្ធភាពបានទទួលការធ្វើឱ្យប្រសើរឡើងដោយផ្អែកលើបញ្ហានុយក្លេអ៊ែរ និងបានពង្រីកដើម្បីរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ សម្ព័ន្ធឧស្សាហកម្ម និងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា" ។ សេចក្តីថ្លែងការណ៍ក៏បានប្រកាសផងដែរអំពីការបង្កើត "ក្រុមប្រឹក្សានុយក្លេអ៊ែរ" ថ្មីដោយសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដែលមានបំណង "ពង្រឹងការទប់ស្កាត់បន្ថែម" និងបង្កើនកិច្ចសហប្រតិបត្តិការលើផែនការនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។
ជាផ្នែកនៃទំនាក់ទំនងយោធាដែលបង្កើនឡើងកាលពីសប្តាហ៍មុនលោក Yoon និងសមភាគីអាម៉េរិក Joe Biden បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅកាន់ឧបទ្វីបកូរ៉េ ដោយសង្ឃឹមថាការផ្លាស់ប្តូរនេះនឹងរារាំងការសាកល្បងអាវុធនាពេលអនាគតដោយកូរ៉េខាងជើង។
យ៉ាងណាមិញទីក្រុងព្យុងយ៉ាងបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Yoon ដោយថ្កោលទោស "ការដាក់ពង្រាយជាប្រចាំ និងបន្តនៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងសមយុទ្ធយោធាញឹកញាប់" ដែលកូរ៉ខាងជើងចាត់ទុកថាប្រទេសទាំងពីរធ្វើនេះកំពុងគំរាមគំហែងដល់សន្តិសុខនៃឧបទ្វីបកូរ៉េ ។
ទោះបីជាកូរ៉េខាងត្បូងបានប្តេជ្ញាថានឹងមិនបង្កើតអាវុធនុយក្លេអ៊ែរក្រោម NPT (Nuclear Nonproliferation Treaty) ក៏ដោយ វាត្រូវបានការពារយ៉ាងជាក់ស្តែងនៅក្រោម "ឆ័ត្រនុយក្លេអ៊ែរ" របស់សហរដ្ឋអាម៉េរិក មានន័យថា ទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងការការពាររបស់ទីក្រុងសេអ៊ូលក្រោមលក្ខខណ្ឌមួយចំនួនប្រសិនបើកូរ៉េខាងត្បូងរងការវាយប្រហារណាមួយ៕