Yearendyearend1140x150

«ចំណត»កំពង់ផែកុងទីន័រនៅខេត្តព្រះសីហនុផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ចំណត​កំពង់ផែកុងទីន័រ

ព្រះសីហនុ៖«ចំណត»កំពង់ផែកុងទីន័រ នៅថ្ងៃទី ១ ឧសភានេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។គម្រោងនេះគ្រោងចំណាយថវិកាដោយឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាព របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត។ការសាងសង់នេះបានចែកចេញជាច្រើនជំហ៊ាន។

យោងតាមរបាយការណ៍ពីក្រសួងសារធារណការ ចំណតផែច្រាំងទំនិញទូទៅមានប្រវែង២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ចំនួន១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។

ចំណតផែកុងតឺន័រថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យ នាវាកុងតឺន័រមានទម្ងន់ផ្ទុក៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹក​​ជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែ បន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។គម្រោងនេះនឹងប្រើប្រាស់ រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូន នៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាម៉េរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៦១៧.០០០ TEUs/១ឆ្នាំ។គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។

គម្រោងកែសម្រួលចំណតផែកុងតឺន័រ ពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធ​ ក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើស ក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។

គម្រោងទាំងនេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារអាម៉េរិកក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារអាមេរិក។

គំរោងនេះ ត្រូវបានបែងចែកសម្រាប់ គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារអាម៉េរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ២៤៣លានដុល្លារអាម៉េរិក និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារអាម៉េរិក។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង