រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូនឹងមិនគោរពតាម “ច្បាប់” ដែលបង្កើតដោយប្រទេសផ្សេងក្រោយពីរុស្សីឡើយ លោកក៏បានច្រានចោលរាល់ការបង្កើតច្បាប់នៃបណ្តាលប្រទេសផ្សេងទៀតដែលមានចេតនាដាក់សម្ពាធលើប្រទេសរុស្សីផងដែរ។
បើតាមមេដឹកនាំរូបនេះបានឲ្យដឹងថា បច្ចុប្បន្នរុស្ស៊ីកំពុងស៊ូទ្រាំនឹង "ការឈ្លានពានសេដ្ឋកិច្ច" ពីសមូហភាពលោកខាងលិច ដោយជំរុញឱ្យសមាជិកសភា ក៏ដូចជាមន្រ្តីពាក់ព័ន្ធផ្សេងទៀតនៃអាជ្ញាធររបស់ប្រទេសរុស្សី ធ្វើការយ៉ាងសកម្ម ជាជាងព្យាយាម "រង់ចាំ" រយៈពេលដ៏លំបាកនេះ។ លោកបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺបង្កើត “មូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង ឯករាជ្យ និងជោគជ័យនៃប្រទេសរបស់យើង”។
លោក ពូទីន បានកត់សម្គាល់ថា ប្រព័ន្ធការទូតអន្តរជាតិបានរលត់ទៅវិញយ៉ាងខ្លាំង ដោយ “ប្រទេសមួយចំនួន” បានដាក់ “ច្បាប់” របស់ពួកគេជំនួសវិញ។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីមិនចង់ចូលទៅក្នុង "ការគៀបសង្គត់" ហើយនៅតែត្រៀមខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការដោយស្មើភាពជាមួយ "ប្រទេសជាមិត្ត" របស់រុស្សី៕