អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅលើប្រទេសរបស់លោក ឬកូរ៉េខាងត្បូងនឹងធ្វើឱ្យទីក្រុងព្យុងយ៉ាងមានសេចក្តីវិនាសមិនធ្លាប់មាន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានបន្ថែមថា ក្រោមកិច្ចព្រមព្រៀងថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សហរដ្ឋអាម៉េរិកនឹងឆ្លើយតបទៅនឹងការវាយប្រហារបែបនេះដោយអាវុធនុយក្លេអ៊ែរភ្លាមៗ។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា "ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាម៉េរិក ឬសម្ព័ន្ធមិត្ត ឬដៃគូរបស់ខ្លួនគឺមិនអាចទទួលយកបាន ហើយអាម៉េរិកនិងឆ្លើយតបជាបន្ទាន់ជាមួយនិងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ" ។ ថ្លែងជាមួយលោក Biden លោក Yoon បានប្រកាសថា "សន្តិភាពប្រកបដោយនិរន្តរភាពនៅលើឧបទ្វីបកូរ៉េមិនកើតឡើងដោយស្វ័យប្រវត្តិទេ"។
លោក Yoon បាននិយាយថា "យើងអាចសម្រេចបានសន្តិភាពតាមរយៈឧត្តមភាពនៃកងកម្លាំងដ៏លើសលប់ និងមិនមែនជាសន្តិភាពក្លែងក្លាយដោយផ្អែកលើសុច្ឆន្ទៈរបស់ភាគីម្ខាងទៀត" លោកបន្ថែមថានៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារនុយក្លេអ៊ែរពីភាគខាងជើង សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងនឹង "ឆ្លើយតប យ៉ាងឆាប់រហ័ស លើសលប់ និងសម្រេចដោយការប្រើប្រាស់កម្លាំងពេញលេញនៃសម្ព័ន្ធមិត្ត រួមទាំងអាវុធនុយក្លេអ៊ែររបស់អាម៉េរិក»។
ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលច្រើនជាង ១០០ គ្រាប់ចាប់តាំងពីដើមឆ្នាំ ២០២២ ហើយក្នុងខែនេះបានសាកល្បងមីស៊ីលអន្តរទ្វីបពិសេសលើកដំបូងរបស់ខ្លួន និងយន្តហោះដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ។ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានអះអាងតាំងពីឆ្នាំមុនថា ភាគខាងជើងកំពុងត្រៀមលក្ខណៈសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរនៅក្រោមដីលើកទីប្រាំពីររបស់ខ្លួន៕