ភ្នំពេញ៖ ក្នុងកិច្ចសហការរវាងក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ “Beyond The Games” ក្រោមប្រធានបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីកុមារនៅសាលាបឋមសិក្សាទូទាំងប្រទេសកម្ពុជា។
ផ្ទាំងគំនូរប្រមាណ១០០០០ ត្រូវបានកើតឡើងចេញពីភាសាបេះដូងរបស់កុមារ។ ផ្ទាំងគំនូរចំនួន២៤០ផ្ទាំងដែលជ្រើសរើសចេញពីស្នាដៃទាំងនេះ នឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈ នៅលើសួនច្បារនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែមេសា ឆ្នាំ២០២៣។ សាធារណជន អាចបោះឆ្នោតគាំទ្រលើផ្ទាំងគំនូរទាំងឡាយ (អាចលើសពី១) ដោយការស្កេនលើ QR Code ដែលមាននៅលើផ្ទាំងគំនូរ។
សូមជម្រាបថា គ្រឹះស្ថានសិក្សាអាចរៀបចំទស្សនកិច្ចសិក្សា ហើយសាធារណជនអាចចូលរួមទស្សនា ពិព័រណ៌ស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ BeyondTheGames ដើម្បីបង្ហាញ #ភាសាបេះដូងសម្រាប់កម្ពុជា៕