វៀតណាម៖ សីតុណ្ហភាពបានកើនឡើងដល់ជិត ៤១អង្សាសេនៅភាគខាងជើងប្រទេសវៀតណាមកាលពីរសៀលថ្ងៃសៅរ៍ និង ៣៥ អង្សារនៅភាគខាងត្បូងទីក្រុងសៃហ្គន។ ក្រោមឥទ្ធិពលនៃរលកកំដៅ ខេត្តភាគខាងជើងចំនួនប្រាំគឺ Dien Bien, Son La, Hoa Binh, Ha Giang និង Cao Bang បានទទួលរងនូវសីតុណ្ហភាពក្តៅខ្លាំងលើសពី ៣៦ អង្សាសេកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របាននិយាយថា ភាគកណ្តាលនៃប្រទេសវៀតណាម និងខេត្តភាគពាយ័ព្យនឹងបន្តទទួលរងនូវសីតុណ្ហភាពចន្លោះពី ៣៥ ទៅ ៤០ អង្សារក្នុងរយៈពេល ២ ថ្ងៃខាងមុខ ខណៈដែលតំបន់ពីទីក្រុង Da Nang ចុះទៅភាគខាងត្បូងនឹងរងឥទ្ធិពលពី ៣៥ទៅ ៣៧ អង្សាសេ។
សីតុណ្ហភាពនៅវៀតណាមក្នុងខែខាងមុខនេះត្រូវបានគេព្យាករណ៍ថានឹងខ្ពស់ជាងមធ្យមភាគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងរលកកំដៅកាន់តែខ្លាំងនៅតំបន់ភាគខាងជើង និងកណ្តាល ដោយសារតែផលប៉ះពាល់នៃខ្យល់កំដៅ El Nino ។
ប្រទេសនៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កំពុងទទួលរងនូវរលកកំដៅយ៉ាងធ្ងន់ធ្ងរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រទេសបង់ក្លាដែសបានឃើញសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលជិត៦០ ឆ្នាំកាលពីសប្តាហ៍មុន ខណៈដែលអាកាសធាតុបានសម្លាប់មនុស្ស ១៣ នាក់នៅក្នុងប្រទេសឥណ្ឌា និង ២ នាក់នៅប្រទេសថៃ៕