
ចិន៖ អាជ្ញាធរផ្លូវដែករបស់ប្រទេសចិនបានប្រញាប់ប្រញាល់បើកដំណើរការសេវាកម្មដឹកអ្នកដំណើរ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ជាមួយនឹងការផ្តល់ជូនសំបុត្រតម្លៃទាបសម្រាប់ការធ្វើដំណើរទេសចរណ៍តាមរថភ្លើង។ ស្របពេលដែលដំណើរទេសចរតាមរថភ្លើងមានសន្ទុះជាខ្លាំងក្នុងប្រទេសចិននាប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើតាមមន្រ្តីចិនបានឲ្យដឹងថា រថភ្លើងជួលសម្រាប់ការធ្វើដំណើរតាមផ្លូវដែកអន្តរខេត្តបានចាកចេញពីទីក្រុងសៀងហៃ ដោយដឹកអ្នកដំណើរជាង ៣០០ នាក់ទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយម ក្នុងទីក្រុង Yichang នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន។
ចាប់តាំងពីដើមនិទាឃរដូវមក ក្រុមហ៊ុន China Railway Shanghai Bureau Group បានបង្កើតយ៉ាងសកម្មនូវផែនការផ្សព្វផ្សាយទេសចរណ៍ផ្លូវដែកដែលមានគុណភាពខ្ពស់ ហើយបានចាប់ផ្តើមប្រតិបត្តិការរថភ្លើងដែលជួលក្នុងគោលបំណងទៅកាន់គោលដៅពេញនិយម ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អ្នកដំណើរដែលកំពុងកើនឡើង។
អ្នកដំណើរម្នាក់ដែលចាប់ផ្តើមដំណើរកម្សាន្តរយៈពេលប្រាំថ្ងៃទៅកាន់ទំនប់ Three Gorges និងកន្លែងទាក់ទាញផ្សេងទៀតនៅ Yiling បាននិយាយថា "ការធ្វើដំណើរតាមផ្លូវរថភ្លើងគឺងាយស្រួលណាស់" ។
អ្នកដំណើរម្នាក់ទៀតបាននិយាយថា៖ «ក្នុងនាមជាមនុស្សចាស់ យើងរីករាយដែលបានជិះរថភ្លើងសម្រាប់ធ្វើដំណើរ។ រថភ្លើងល្បឿនទូទៅក៏ត្រូវបានដាក់បញ្ចូលក្នុងគម្រោងផ្សព្វផ្សាយទេសចរណ៍ផ្លូវដែកដើម្បីបង្កើនជម្រើសសម្រាប់អ្នកដំណើរ។
លោកស្រី Li Li អនុប្រធានក្រុមហ៊ុន Shanghai Railway International Tourism Group Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុនលោកស្រីគ្រោងនឹងដាក់ឱ្យដំណើរការរថភ្លើងទេសចរណ៍ល្បឿនទូទៅចំនួន ៩០ គ្រឿង និងរថភ្លើងទេសចរណ៍ល្បឿនលឿនជាង ២០ គ្រឿងនៅឆ្នាំនេះ។ ក្រោយមកទៀត លោកស្រីនឹងដំណើរការសេវាកម្មដឹកជញ្ជូនផ្លូវរថភ្លើងទេសចរណ៍ផ្លូវឆ្ងាយជាច្រើនកន្លែង ដោយមានចំណតជាច្រើននៅលើផ្លូវដែលតភ្ជាប់តំបន់ Xinjiang, Gansu ភាគឦសានរបស់ប្រទេស៕