ភ្នំពេញ៖ មន្ត្រីចរាចរណ៍ចំនួន០២រូប និង មន្ត្រីកិច្ចសន្យាមួយរូប នៅថ្ងៃទី ១៨ មេសានេះ ត្រូវបានហៅមកណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង ក្រោយមន្ត្រីទាំង៣រូបត្រូវបានរកឃើញថា ប្រព្រឹត្តកំហុស ដោយបានកាក់ហៅឡានមួយគ្រឿងដែលបានបើកបរត្រឹមត្រូវសោះ។នេះបើយោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
យោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី ១៨ មេសានេះថា ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតងបន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ។
ប្រភពដដែលបន្តថា បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុស និង បានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់ Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន ដូច្នោះមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់ ។