ភ្នំពេញ ៖ ស្ថានទូតអាមេរិក នៅភ្នំពេញ សូមប្រសិទ្ធពរជ័យមង្គល ដល់ប្រជាជនខ្មែរទាំងអស់ក្នុងពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ! ដើម្បីអបអរដល់ពិធីបុណ្យនេះ ស្ថានទូត មានក្តីសោមនស្សក្នុងការចេញផ្សាយ និងចែករំលែកនូវវីដេអូនាឱកាសឆ្នាំថ្មីនេះ ក្នុងការអបអរផ្តល់តម្លៃដល់បងប្អូនជាកម្មករ និងកសិករ ការប្រមូលផល និងរដូវកាលនៃការជួបជុំ និងទទួលពរជ័យ។
វីដេអូបុណ្យចូលឆ្នាំខ្មែរ ២០២៣ មានការចូលរួមពីលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មន្ត្រី បុគ្គលិកស្ថានទូត ដែលរៀបរាប់ពីការផ្លាស់វេនឆ្នាំចាស់ចូលឆ្នាំថ្មី ការដាក់ខ្លួន និងការគោរពផ្តល់តម្លៃជាប្រចាំចំពោះប្រជាជនខ្មែរដែលមានភាពឧស្សាហ៍ព្យាយាម ។
ក្នុងវីដេអូនេះ លោកឯកអគ្គរដ្ឋទូត Murphy ស្វែងយល់ពីការផ្លាស់វេនចូលឆ្នាំថោះ បញ្ចស័ក និងរឿងព្រេងនិទានដែលបង្ហាញពីភាពឆ្លាតវៃរបស់សត្វទន្សាយ ។ លោកឯកអគ្គរដ្ឋទូត បង្ហាញនូវការកោតសរសើរពីភាពឆ្លាតវៃរបស់កម្មករ កសិករខ្មែរ ហើយលោក និងសហការីដែលកើតឆ្នាំថោះដទៃទៀត ទទួលនូវការសាកល្បងធ្វើការងារមួយចំនួនរបស់ប្រជាជនកម្ពុជា ដែលធ្វើជាប្រចាំថ្ងៃ ។ បន្ទាប់ពីសាកល្បងការងារទាំងនោះ ទន្សាយអាចមិនមានភាពវៃឆ្លាតលើគ្រប់ការងារនោះឡើយ ប៉ុន្តែពួកគេបានត្រៀមខ្លួនចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការប្រារព្ធអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
វីដេអូនេះ ត្រូវបានផលិតឡើងក្រោមភាពជាដៃគូជាមួយក្រុមការងារ Chef Nak និងប្រើប្រាស់បទចម្រៀងរបស់សិល្បករ លោក ម៉ម ពេជ្ជរិទ្ធ ជាអតីតអ្នកចូលរួមកម្មវិធីអ្នកទស្សនកិច្ចក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ។
ស្ថានទូតអាមេរិក សូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ សូមជួបនូវតែក្តីរីករាយ វិបុលសុខ និងសុខភាពល្អក្នុងឆ្នាំថ្មីនេះ! យើងសូមអញ្ជើញបងប្អូនទាំងអស់ចូលរួមទស្សនានូវវីដេអូឆ្នាំថ្មី តាមនេះ