
ចិន៖ បញ្ជាការរោងមហោស្រពភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសធ្វើសមយុទ្ធជុំវិញតៃវ៉ាន់រយៈពេល៣ថ្ងៃបានចាប់ផ្តើមការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ដែលនឹងមានរយៈពេលពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា។ សមយុទ្ធនេះធ្វើឡើងភ្លាមៗក្រោយមេដឹកនាំតៃវ៉ាន់លោក Tsai Ing-wen បានវិលត្រឡប់ចូលតៃវ៉ាន់វិញបន្ទាប់ពីបានបើកកិច្ចប្រជុំពិសេសនៅសហរដ្ឋអាម៉េរិក។
លោក Shi Yi អ្នកនាំពាក្យបញ្ជាការបាននិយាយថា ការល្បាត និងសមយុទ្ធកំពុងធ្វើឡើងនៅក្នុងតំបន់ដែនសមុទ្រ និងដែនអាកាសនៃច្រកសមុទ្រតៃវ៉ាន់ នៅខាងក្រៅឆ្នេរសមុទ្រភាគខាងជើង និងភាគខាងត្បូង ដោយសមយុទ្ធនេះគឺជាការត្រៀមខ្លួនរបស់ចិនប្រសិនបើតៃវ៉ាន់ហានប្រកាសឯករាជ្យភាពនៃប្រទេសរបស់ខ្លួន។ លោកបន្ថែមទៀតថាប្រតិបត្តិការទាំងនេះបម្រើជាការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការឃុបឃិតគ្នារវាងកងកម្លាំងបំបែកខ្លួនដែលស្វែងរក "ឯករាជ្យភាពតៃវ៉ាន់" និងកងកម្លាំងខាងក្រៅ និងប្រឆាំងនឹងសកម្មភាពបង្កហេតុរបស់តៃវ៉ាន់ លោកសង្គត់ធ្ងន់ថាថាប្រតិបត្តិការនេះគឺចាំបាច់សម្រាប់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន។
សមយុទ្ធកាលពីថ្ងៃសៅរ៍បានផ្តោតលើការសាកល្បងសមត្ថភាពដើម្បីទទួលបានឧត្តមភាពដែនសមុទ្រ ផ្លូវអាកាស និងព័ត៌មាន ក្រោមការគាំទ្រនៃប្រព័ន្ធប្រតិបត្តិការរួមគ្នា។ គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់កងទ័ពចិន នាវាពិឃាត នាវាចម្បាំង និងកងកម្លាំងមីស៊ីលពីច្រាំងដល់កប៉ាល់របស់កងទ័ពជើងទឹក យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះពិសេសរបស់កងទ័ពអាកាស និងអង្គភាពមីស៊ីលធម្មតានៃកងកម្លាំងរ៉ុក្កែត រំដោះប្រជាជនចិន បានចូលរួមក្នុងប្រតិបត្តិការកាលពីថ្ងៃសៅរ៍នេះផងដែរ។

ក្នុងអំឡុងពេលសមយុទ្ធនេះ នាវាពិឃាត និងនាវាចម្បាំងជាច្រើនរបស់កងទ័ពជើងទឹក ដែលបំពេញកាតព្វកិច្ចល្បាត បានចូលទៅជិតកោះតៃវ៉ាន់ក្នុងល្បឿនលឿន ដើម្បីដណ្តើមយកទីតាំងដែលមានអតិភាព ហើយបន្ទាប់មកបានរៀបចំសមយុទ្ធសម្រាប់ការវាយលុករយៈចម្ងាយជិត ការរារាំងចម្ងាយឆ្ងាយ ការការពារដែនអាកាស និងការការពារមីស៊ីល។ នាវាចម្បាំងកងទ័ពជើងទឹកក៏បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នាជាមួយនឹងយន្តហោះល្បាតប្រឆាំងនាវាមុជទឹកដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញនៃកងទ័ពជើងទឹក និងផ្លូវអាកាស។
មេបញ្ជាការកងទ័ពជើងទឹកលោក Liu Sumin បានឲ្យដឹងផងដែលថា "នាវាកងទ័ពជើងទឹករបស់យើងកំពុងឈរជើងនៅក្នុងតំបន់ផ្សេងៗជុំវិញកោះតៃវ៉ាន់។ ជាមួយនឹងបរិយាកាសជាក់ស្តែង ផែនការសង្រ្គាមពិតប្រាកដ និងលក្ខខណ្ឌប្រយុទ្ធជាក់ស្តែង យើងបានត្រួតពិនិត្យសមត្ថភាពសំខាន់ៗរបស់កងកម្លាំងរបស់យើងក្នុងការឈ្លបយកការណ៍ ការគ្រប់គ្រង ការពារជាតិ ការប្រយុទ្ធ និងការវាយតម្លៃ និងភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរឡើង។
បន្ថែមពីនេះក្នុងអំឡុងពេលសមយុទ្ធដណ្តើមយកឧត្តមភាពដែនអាកាស យន្តហោះចម្បាំង J-16 និង J-10C រាប់សិបគ្រឿងបានបំពាក់គ្រាប់រំសេវ និងបានធ្វើការប្រយុទ្ធតាមអាកាសរយៈចម្ងាយមធ្យម និងរយៈចម្ងាយ ក្រោមការណែនាំ របស់មេបញ្ជាការ។
គួរបញ្ជាក់ថាក្រោយចិនប្រកាសធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ភ្លាមៗអាម៉េរិកក៏បានព្រមានចិនផងដែរថាប្រសិនបើចិនពិតជារំលោភដែនដីតៃវ៉ាន់មែនោះ អាម៉េរិកនិងចាត់វិធានការជាបន្ទាន់ឆ្លើយតបទៅកាន់ចិនលឿនជាទីបំផុត៕