ឥណ្ឌូណេស៊ី៖ ត្រីបាឡែនឈ្មោលដ៏ធំមួយក្បាលបានងាប់នៅលើកោះបាលី ខណៈអ្នកជំនាញសត្វឥណ្ឌូណេស៊ីកំពុងរៀបចំ ការពិនិត្យសាកសពលើត្រីបាឡែនប្រវែង ១៨ ម៉ែត្រ ដែលបានងាប់បន្ទាប់ពីបោកបក់នៅលើឆ្នេរខ្សាច់ក្នុងកោះបាលី។ ត្រីបាឡែនមេជីវិតឈ្មោល ដែលគេជឿថាមានទម្ងន់រាប់តោន បានអណ្តែងមកនៅលើឆ្នេរនៅភាគខាងកើតនៃកោះវិស្សមកាលកាលពីថ្ងៃពុធ។
ត្រីបាឡែនមេជីវិតឈ្មោល ដែលជាសត្វមំសាសីដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានចុះបញ្ជីដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិថា "ងាយរងគ្រោះ" ក្នុងការផុតពូជ។
ពេទ្យសត្វ និងអ្នកជំនាញផ្នែកកោសល្យវិច្ច័យបានទៅដល់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់ត្រីបាឡែន។ លោក Yudiarso បាននិយាយថា "ថ្ងៃនេះ យើងនឹងធ្វើតេស្ដរកដុំសាច់ ហើយបន្ទាប់ពីនោះ យើងនឹងយកអេស្កាវ៉ាទ័រ ដើម្បីព្យាយាមកប់សាកសពនៅក្បែរនោះ"។ ប៉ូលិសបានបិទឆ្នេរក្នុងតំបន់ Klungkung នៃកោះបាលី ដើម្បីបញ្ឈប់ការលួចសាច់ ឬផ្នែករាងកាយរបស់ត្រីបាឡែន។
ក្នុងឆ្នាំ ២០១៨ ត្រីបាឡែនមេជីវិតឈ្មោលមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងពែងប្លាស្ទិកជាង ១០០ និងថង់ប្លាស្ទិកចំនួន ២៥ នៅក្នុងក្រពះរបស់វា ដែលបង្កើនការព្រួយបារម្ភអំពីបញ្ហាសំរាមសមុទ្រដ៏ធំរបស់ប្រជុំកោះអាស៊ីអាគ្នេយ៍។ ឥណ្ឌូណេស៊ី គឺជាប្រទេសដែលរួមចំណែកធំជាងគេទីពីររបស់ពិភពលោកដែលសំបូរទៅដោយកម្ទីសមុទ្រ បន្ទាប់ពីប្រទេសចិន៕