
រុស្សី៖ ក្រុមទាហានរុស្សីបានអះអាងនាថ្ងៃអង្គារនេះថាខ្លួនបានបើកការវាយប្រហារលើជួរមុខជាច្រើន និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនព្រមទាំងបានសម្លាប់ផ្តាច់ជីវិតទាហានអ៊ុយក្រែនអស់ជាច្រើនក្នុងតំបន់សមភូមិដ៏ក្តៅ ខណៈដែលអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយលុកជុំវិញការវាយលុករបស់រុស្ស៊ីនៅទីក្រុង Bakhmut ហើយបណ្តេញទាហានរុស្សីឲ្យរត់ចោលសមភូមិប្រយុទ្ធ។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ប្រទេសទាំងពីរកាលពីថ្ងៃចន្ទ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបើកការវាយលុកក្នុងទិសដៅជាច្រើនដូចជាតំបន់ Kupyansk, Lyman និង Donetsk ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ុយក្រែនថែមទៀតផង។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានគូសបញ្ជាក់ថា កងទ័ពរុស្ស៊ីបានបន្តវាយប្រហារតំបន់ Bakhmut និងបានព្យាយាមដើម្បីទទួលបានការគ្រប់គ្រងពេញលេញលើតំបន់។ ក៏ប៉ុន្តែកងទ័ពអ៊ុយក្រែនបានវាយប្រហាររាប់សិបលើកទៅកាន់កងកម្លាំងរុស្សីក្នុងតំបន់ Bakhmut។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងកាំភ្លើងធំអ៊ុយក្រែនបានវាយប្រហារលើគោលដៅ រួមទាំងតំបន់ប្រមូលផ្តុំកម្លាំងមនុស្ស និងឧបករណ៍រុស្ស៊ី ប៉ុស្តិ៍បញ្ជាការ និងទីតាំងប្រព័ន្ធការពារដែនអាកាសរុស្សីជាច្រើនកន្លែង។
លោក Marcin Przydacz ប្រធានការិយាល័យគោលនយោបាយអន្តរជាតិរបស់ប្រធានាធិបតីប៉ូឡូញបានឲ្យដឹងផងដែលថា ប្រទេសប៉ូឡូញបានប្រគល់យន្តហោះចម្បាំង MiG-29 ដំបូងដល់អ៊ុយក្រែន។
បន្ថែមពីនេះនាថ្ងៃទី ១៦ ខែមីនា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា ប្រទេសលោកនឹងផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង MiG-29 ចំនួន ៤ គ្រឿង។ បច្ចុប្បន្ននេះ យន្តហោះចម្បាំង MiG-29 ប្រហែល ២០គ្រឿងកំពុងបម្រើការនៅក្នុងប្រទេសប៉ូឡូញ។
ចំណែកអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg សង្គត់ធ្ងន់ថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ប្រទេសសមាជិកណាតូបានផ្តល់ជំនួយយោធាជាង ៦៥ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន។ លោកបន្ថែមថា សម្ព័ន្ធមិត្តណាតូក៏នឹងពិភាក្សាកញ្ចប់គាំទ្រច្រើនឆ្នាំសម្រាប់អ៊ុយក្រែន ដែលនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅថ្ងៃទី ៤-៥ខែមេសា៕