ចិន៖ ទាហានមកពីប្រទេសចិន និងកម្ពុជាកាលពីថ្ងៃអាទិត្យបានចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ និងកីឡាជាបន្តបន្ទាប់ក្នុងកម្មវិធីសហប្រតិបត្តិការយោធាប្រចាំឆ្នាំរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរ។ សមយុទ្ធយោធារួមគ្នា «នាគមាសឆ្នាំ២០២៣» កម្ពុជា-ចិន ដែលបានចាប់ផ្តើមនៅថ្ងៃទី២០ ខែមីនា ក៏បានរៀបចំពិធីជប់លៀង កីឡាបាល់ទាត់ និងទាញព្រ័ត្រ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវសមាហរណកម្មវប្បធម៌ និងពង្រឹងចំណងមិត្តភាពចិន-កម្ពុជា។
លោក Wu Wenbo មន្រ្តីយោធាចិនម្នាក់បានឲ្យដឹងថា“ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌គឺជាផ្នែកសំខាន់នៃសមយុទ្ធយោធា ព្រោះពួកគេអាចបង្កើនទំនាក់ទំនងបន្ថែមជាមួយទាហានកម្ពុជា ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងយោធាទាំងពីរ និងពង្រឹងមិត្តភាពរវាងទាហាននៃប្រទេសទាំងពីរ”។
សមយុទ្ធយោធារួមគ្នាដែលកំពុងបន្តត្រូវបានរំពឹងថានឹងបង្រួបបង្រួម និងបង្កើនភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រីកការផ្លាស់ប្តូរយោធា និងលើកកំពស់សមត្ថភាពប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌របស់យោធាទាំងពីរ។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយដែលកម្ពុជា-ចិនបានធ្វើសមយុទ្ធរួមគ្នា ដែលលើកទី១បានធ្វើនៅក្នុឆ្នាំ២០១៦ លើកទី២ ឆ្នាំ២០១៨ លើកទី៣ ឆ្នាំ២០១៩ លើកទី៥ ឆ្នាំ២០២០ និងឆ្នាំ២០២៣ ជាលើកទី៥។ ការខាងខកខានក្នុងការធ្វើសមយុទ្ធរួមគ្នា នៅក្នុងឆ្នាំ២០១៧ ដោយសារតែជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕