ភ្នំពេញ៖ ប្រទេសហ្វីលីពីន នាថ្ងៃទី២៧ ខែមីនា បានប្រារព្ធពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលធ្វើឡើងជាបន្តបន្ទាប់ក្រោមការសាទរពីរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន នៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន។
ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម រួមមានវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOCនិងលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន។ ហើយការចូលរួមពិធីដង្ហែនេះ មានការចូលរួមពីលោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) និងលោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន និងជាអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណៈរដ្ឋហ្វីលីពីន និងនិងប្រជាជនហ្វីលីពីនជាច្រើនផងដែរ។
លោក Abraham Tolentino ជាប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន បានប្រសាសន៍ថា ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេមនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបង្ហាញពីការគាំទ្ររបស់ហ្វីលីពីន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ហើយលោកក៏បានគាំទ្រដល់កម្ពុជាឲ្យទទួលបានជោគជ័យក្នុងការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ័កីឡាស៊ីហ្គេមនិងចាប់ផ្តើមដំណើរការនាថ្ងៃ ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភាឆ្នាំ២០២៣ នាពេលខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕